សម្តេចតេជោ ហ៊ុន សែន ទទួលជួបអតីតរដ្ឋមន្ត្រីការបរទេសជប៉ុន នៅវិមាន ៧មករា
នៅវិមាន៧មករា ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន រួមទាំងឥស្សរជនជប៉ុនមួយចំនួនទៀត។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម មកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោបន្តថា រាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះ បើទោះបីជារូបសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែន តែយើងនៅជួបពិភាក្សាគ្នា ក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោបន្តថា រយៈពេលជាង២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោ ដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀត ធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន…