ប្រជាពលរដ្ឋដែលទទួលបានដីពីសម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់លំនៅឋាន និងដាំដុះដំណាំ
FN ៖ ប្រជាពលរដ្ឋក្រីក្រនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៧៤គ្រួសារ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផ្តល់ដីជូននោះ ពេលនេះបាននាំគ្នាកាប់ឆ្ការព្រៃសាងសង់ផ្ទះ និងដាំដុះដំណាំហើយ។ នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ អមដំណើរដោយនាយឧត្តមសេនីយ៍ ជា តារា អនុប្រធានក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋទាំង ៧៤គ្រួសារដោយផ្ទាល់ និងបានសម្តែងក្តីសប្បាយរីករាយផងដែរ នៅពេលឃើញប្រជាពលរដ្ឋចាប់ផ្តើមដាំដុះដំណាំលើដីដែលសម្តេចតេជោ បានផ្តល់ជូន។ តាមរយៈនាយឧត្តមសេនីយ៍ គន់ គីម ប្រជាពលរដ្ឋទាំង ៧៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជា ដែលបានចាត់ចែងផ្តល់ដីជូនពួកគាត់បានទាន់ពេលវេលា ដោយមិនបង្អែរបង្អង់។ ប្រជាពលរដ្ឋដែលធ្លាប់តែខ្វះដីសាងសង់ផ្ទះ និងដាំដុះដំណាំនេះ បានប្រកាសថា ពួកគេគោរពដឹងគុណ និងចងចាំនូវគុណបំណាច់របស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕