FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានអះអាងជាថ្មីថា ដរាបណានៅតែមានការជេរប្រមាថ និងការញុះញុងលាបពណ៌នៅក្នុងសង្គមខ្មែរនោះ ប្រភពនៃសង្គ្រាម និងការចលាចនៅតែមានសម្រាប់ប្រទេសកម្ពុជានៅឡើយ។
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវគេដឹងថា ធ្វើឡើងបន្ទាប់ពីសកម្មជនរបស់គណបក្សប្រឆាំង នៅតែប្រើប្រាស់ពាក្យសំដីជេរប្រមាថ ខ្វះសីលធម៌ លាបពណ៌គ្នាថា ជាអាយ៉ងយួនជាដើម ពិសេសនៅក្នុងដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះថា «តើចង់ភ្លក់រសជាតិនៃសង្គ្រាមនិងការព្រាត់ប្រាស់ទៀតឬទេ? នេះជាប្រធានបទសំរាប់ការបោះឆ្នោតនាពេលខាងមុខ ដែលត្រូវជ្រើសរើស រវាងសង្គ្រាមនិងសន្តិភាព។ ខ្ញុំនៅតែអះអាងថាបើនៅមានការជេរប្រមាថ ញុះញង់លាបពណ៌។ល។ ប្រភពនៃសង្គ្រាមនិងចលាចលនៅតែមានសម្រាប់កម្ពុជានៅឡើយ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មានលើកឡើងពីស្ថានភាពនៃសុខសន្តិភាពបច្ចុប្បន្ន ទៅនឹងស្ថានភាពក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ព្រាត់គ្រួសារ ប្រពន្ធកូន ក្រោមដំណក់ទឹកភ្នែករាប់លានដំណក់។
សម្តេចតេជោ បានរៀបរាប់យ៉ាងដូច្នេះទៀតថា «បើទោះជាពេលនេះកំពុងដំណើរការឃោសនាបោះឆ្នោតក្តីតែយប់មុិញនេះខ្ញុំទទួលបានរូបថតមួយសន្លឹកដែលថតកាលពី៣៨ឆ្នាំមុន។ រូបថតនេះបានផ្តល់លទ្ធភាពឲ្យខ្ញុំធ្វើការប្រៀបធៀបការរីកចំរើនរបស់ប្រជាជន និងប្រទេសជាតិពីពេលលំបាកបំផុតក្រោយការដួលរលំនៃរបប ប៉ុល ពត ជាមួយពេលបច្ចុប្បន្ននេះ។
សំរាប់ខ្ញុំបន្ទាប់ពីការបែកគ្នាក្រោមដំណក់ទឹកភ្នែករាប់លានដំណក់នៃទុក្ខស្រីប្តីព្រាត់ ខ្ញុំបានជួបជាមួយភរិយា និងកូនខ្ញុំវិញ ដែលពេលនោះកូនមួយនេះបានហៅខ្ញុំថាពូ។ មើលចុះគេសុខចិត្តឲ្យបងស្រីជីដូនមួយគេ ពរ និងបញ្ចុកបាយជាជាងឲ្យខ្ញុំទៅជិតរូបគេ និងម្តាយគេ។ ពេលនេះ ហ៊ុន ម៉ាណែត កូនប្រុសខ្ញុំបានរីកចំរើនជាមួយកុមារ និងយុវជនរាប់លាននាក់ផ្សេងទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពជា»៕