សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ
FN ៖ លោក គី តិច មេធាវីការពារក្តីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីលោក សម រង្ស៊ី ចោទប្រកាន់ «សម្តេចតេជោ ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា» នៅពេលនេះសម្តេចតេជោ ហ៊ុន សែន តាមរយៈលោកជាមេធាវីបានសម្រេចដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្តទឹកប្រាក់ ចំនួន១លានដុល្លារសហរដ្ឋអាមេរិក ចំពោះការចោទប្រកាន់ខុសការពិត។ លោកមេធាវី គី តិច បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន បានប្រគល់សិទ្ធិឲ្យខ្ញុំតាំងពីមុនថ្ងៃសម្តេចអញ្ជើញទៅប្រទេសស្វីសម្ល៉េះ, ឲ្យខ្ញុំសិក្សាលើករណីលោក សម រង្ស៊ី ចោទប្រកាន់សម្តេចនាយករដ្ឋមន្រ្តីសូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា, បន្ទាប់ពីខ្ញុំសិក្សារួចបានរកឃើញថា មានបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ និងមានភស្តុតាងគ្រប់គ្រាន់ ដូច្នេះតាមរយៈខ្ញុំជាមេធាវីមានសិទ្ធពេញលេញនឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ…