FN ៖ នៅក្នុងឱកាសចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗ អញ្ជើញទៅលេងកំសាន្តនៅ ខេត្តព្រះសីហនុ ហើយនៅក្នុងដំណើរតាមផ្លូវ សម្តេចទាំងពីរបានអញ្ជើញ ចូលពិសារកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ស្ថិតនៅមិនឆ្ងាយពីកន្លែង គោរពបូជាលោកយាយម៉ៅ។
ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងចៅៗបានអញ្ជើញមកដល់ក្រុងព្រះសីហនុហើយ នៅវេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃសៅរ៍នេះ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook របស់សម្តេចជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖
នៅពេលខ្ញំធ្វើដំណើរតាមរថយន្តទៅតាមខេត្តដូចពេលនេះ ខ្ញុំតែងនឹកស្រម័យទៅដល់ពេលវេលាដែលប្រទេសយើងមានសង្គ្រាម។ ពេលនោះមិនត្រឹមតែប្រជាជនគ្មានមធ្យោបាយធ្វើដំណើរ ផ្លូវជួបការលំបាកប៉ុណ្ណោះទេ តែអ្វីដែលលំបាកជាងទៀតគឺការវាយប្រហារដោយ ប្រដាប់អាវុធទៅលើរថយន្ត រថភ្លើង កាណូត និងមធ្យោបាយធ្វើដំណើរផ្សេងទៀតដែលធ្វើឱ្យប្រជាជនយើងស្លាប់ និងរបួសយ៉ាងច្រើន។
ថ្ងៃនេះខ្ញុំមានឱកាសចូលផឹកកាហ្វេនៅហាង ៣៣៣ ពេជ្រនិល ដែលនៅមិនឆ្ងាយពីកន្លែងគោរពបូជាលោកយាយម៉ៅ។ តាមរយៈកាហ្វេមួយកែវ ទឹកតែមួយកែវ និងការសំណេះសំណាលជាមួយបងប្រុស បងស្រី ក្មួយប្រុស ក្មួយស្រី និងចៅៗនៃគ្រួសារម្ចាស់ហាងធ្វើឱ្យខ្ញុំកាន់តែ មានការសប្បាយរីករាយដែលបាន រួមចំណែករំដោះប្រជាជនចេញពីរបបប៉ុលពត ដឹកនាំប្រទេសចេញសង្គ្រាមមកកាន់សន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ធ្វើដំណើរតាមផ្លូវលេខ៤ កុំភ្លេចកាហ្វេ ៣៣៣ ពេជ្រនិល តែផ្តាំទៅក្មួយប្រុសវិស្វករ ដែលមានអាយុ៣០ឆ្នាំ ល្មមដល់ពេលរកប្រពន្ឋ ហើយកុំនៅលីវយូរពេកក្មួយ៕