សារលើហ្វេសប៊ុក អបអរសាទរខួបទី ២១ នៃការចូលជាសមាជិក អាស៊ាន របស់កម្ពុជា
អបអរសាទរ ខួប២១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក អាស៊ាន ថ្ងៃនេះគឺជាខួប ២១ ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិក អាស៊ាន។ ចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី ៣០ ខែមេសា ១៩៩៩ មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។ ជាការពិត អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងខណៈដែលកម្ពុជាប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕