FN ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៃក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងមួយអំពីការចាក់វ៉ាក់សាំង Astra Zeneca ជាដូសទី៣ ឬដូសជំរុញជូនដល់មន្រ្តីជួរមុខ នៅខេត្តចំនួន៧ ជាប់ព្រំដែនកម្ពុជា -ថៃ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្ត្រាហ្សែនីកា) ដូសជំរុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬ ស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន )ដល់មន្ត្រីរាជការនៅខេត្ត ចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ពគ្រួសារកងទ័ពនគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តទៅ។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ ត្រូវធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងដែលនឹងទៅដល់ទីតាំងខេត្តទាំង៧ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេស ប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំ ប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់ទេនោះ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តអនុវត្ត វិធានការការពារតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួននូវវិធាន។ «៣ការពារ» (ពាក់ម៉ាស់ លាងដៃឱ្យ ញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង * «៣កុំ » (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកាន់កន្លែងបិតជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលដល់វេនលោកអ្នក នៅតាមទីតាំង និងពេលវេលាដែលនឹងរៀបចំដោយរដ្ឋបាលខេត្តទាំង០៧ខាងលើ៕