សម្ដេចតេជោ ហ៊ុន សែន នឹងចុះតាមបណ្ដារោងចក្រ ដើម្បីជួបស្វែងរកការរស់នៅរបស់កម្មករ កម្មការិនី
FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កម្មករ កម្មការិនី។ ការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។ លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបានបន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី នៅកោះពេជ្រ ថ្ងៃទី២០ខាងមុខនេះ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕