FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើមសម្តេចតេជោ ហ៊ុន សែន បានចែករំលែកកុសលផលបុណ្យ និងពរជ័យទាំងឡាយកើតមាននៅក្នុងពិធីបួងសួងនៅ ឯប្រាសាទអង្គរវត្តខេត្តសៀមរាប ជូនដល់កម្មករ កម្មការិនីទាំងអស់ ដែលបានចូលរួម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ថៅកែរោងចក្រ និងកម្មករ កម្មការិនី ប្រៀបដូចជាមុំចង្រ្កាន ដែលមិនអាចខ្វះជ្រុងណាមួយបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចូលរួមអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ដែលនៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្តើមទទួលបាន ប្រាក់ឈ្នួលទៀបបំផុត១៧០ដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ថា នេះជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំរបស់កម្មករ កម្មការិនីផ្ទាល់ រួមជាមួយការប្រឹងប្រែងជំរុញពីរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ខែធ្នូនេះក៏ជាខួប ១៩ឆ្នាំ នៃការប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងក្រោយគណបក្សប្រជាជនឈ្នះឆ្នោតនាឆ្នាំ១៩៩៨ ហើយបានដាក់ចេញយុទ្ធសាស្រ្តត្រីកោណ។ យុទ្ធសាស្រ្តត្រីកោណនេះ មានមុំ៣ ដោយមុំទី១៖ ការដាក់ចេញសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស ក្នុងការនាំយកខ្មែរក្រហមមកជ្រកក្រោមរាជរដ្ឋាភិបាល នាំមកនូវការឯកភាពទឹកដីទាំងមូលជាប្រវត្តិសាស្ត្រ, មុំទី២៖ សមហរណកម្មឆាប់បំផុត ទៅក្នុងសហគមន៍អន្តរជាតិ និងមុំទី៣. ប្រមូលផ្តុំការខិតខំទាំងអស់ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកម្សត់ និងវេទនាខ្លាំងណាស់ទម្រាំឈានមកដល់ស្ថានភាពដូចពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ បានប្រាប់កម្មករ កម្មការិនីឲ្យទៅលួចសួរឪពុក-ម្តាយរបស់ខ្លួនថា តើកម្ពុជាពីអតីតកាលវេទនាខ្លាំងប៉ុណ្ណានោះ។
* សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកភាពស្និទ្ធស្នាលរបស់កម្មករ កម្មការិនី ចំពោះសម្តេចគឺជាការផ្តល់តម្លៃចំពោះកិច្ចខិតខំរបស់សម្តេចកាលពីអតីតកាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំក្រោយភាគីកូរ៉េខាងត្បូង និងពិភាក្សាជាមួយកម្ពុជា ដើម្បីបង្កើនកូតាទៅធ្វើការនៅកូរ៉េ បន្ទាប់ពីពួកគេបានមើលឃើញថា ពលករកម្ពុជាមានស្តង់ដារ និងវិជ្ចាជីវៈខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកកំពុងពិចារណាបញ្ជូនពលរដ្ឋខ្មែរដែលទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤ ឲ្យត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលយកពលរដ្ឋខ្មែរទាំងអស់នោះផងដែរ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋខ្មែរកុំឲ្យបន្តប្រថុយប្រថានទៅរស់នៅសហរដ្ឋអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសយ៉ាងមហោឡារិកក្នុងការទទួលជនភៀសខ្លួនរបស់ពលរដ្ឋកម្ពុជានៅសហរដ្ឋអាមេរិក ឲ្យត្រឡប់មកវិញ ដោយមិនទុកឲ្យពលរដ្ឋខ្មែរវេទនានៅសហរដ្ឋអាមេរិកនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ថា នេះជាកាយវិការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលរស់នៅមិនស្របច្បាប់នៅសហរដ្ឋអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួងពាក់ព័ន្ធទាំងអស់ត្រូវធ្វើការជាមួយអាមេរិក ដើម្បីធានាថា ពលរដ្ឋខ្មែររស់នៅមិនស្របច្បាប់នៅអាមេរិក ត្រូវបានបញ្ជូនទៅនៅតាមកោះដទៃ ដែលមានទុក្ខវេទនាខ្លាំងនោះទេ។
* ទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិកពិចារណាផ្តល់ជំនួយក្នុងកម្រិតណាមួយ ដើម្បីឲ្យពួកគេអាចរស់នៅបានក្នុងប្រទេសកម្ពុជា ពេលពួកគេបញ្ជូនមកក្នុងដំណាក់កាលដំបូងនោះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អំពាវនាវដល់ធានាគារអន្តរជាតិនានា ដូចជាធានាគារអភិវឌ្ឍន៍អាស៊ី និងធនាការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធជាដើម កុំដំឡើងអត្រាការប្រាក់។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំងៗជាមួយការញុះញង់របស់លោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាល។ សម្តេចតេជោ បានហៅទង្វើរបស់លោក សម រង្ស៊ី ថាជាទង្វើក្បត់ជាតិតពីឪ ដល់កូន។
* តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា ជាការមើលស្រាលស្ថានការណ៍នៅកម្ពុជាពេកហើយ ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ស្រឡាញ់សុខសន្តិភាព ដែលមាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះអគ្គមេបញ្ជាការកងទ័ព និងកងទ័ពទាំងអស់ដាក់ពាក្យបណ្តឹងលោក សម រង្ស៊ី ទៅកាន់តុលាការពីទោសក្បត់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា ប្រសិនបើខ្លាំងសូមមកប្រទេសកម្ពុជាដោយខ្លួនឯង ហើយមានកងទ័ពកន្លែងណាបញ្ចេញឲ្យអស់មក។ តែសម្តេចតេជោ ហ៊ុន សែន បានអះអាងប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ដរាបណាមានវត្តមានរបស់សម្តេច គឺគ្មានសង្គ្រាមកើតឡើងជាដាច់ខាត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានសម្តេចគឺជាវត្តមានទប់ស្កាត់ការរារាំងក្រុមក្បត់ជាតិឆ្ពោះទៅដណ្តើមអំណាចតាមផ្លូវងងឹត ហើយវត្តមានសម្តេចនៅ គឺសន្តិភាពត្រូវតែមាន។
* សម្តេចតេជោ ហ៊ុន សែន បានស្នើសុំដល់កម្មករ កម្មការិនី កុំនាំគ្នាទៅបិទផ្លូវនៅពេលតវ៉ាលើបញ្ហាអ្វីមួយ ព្រោះវាធ្វើឲ្យប៉ះពាល់ខ្លាំងដល់អ្នកដទៃ។
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីអវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិយ៉ាងណាក្តី តែកម្ពុជានៅតែបន្តដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្អៃទី២៤ ខែកុម្ភៈ និងបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ កម្មការិនី រួមដំណើរជាមួយសម្តេច ដើម្បីធានាដល់ដំណើរវិវឌ្ឍន៍ទៅមុខរបស់កម្ពុជា។