សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ធនធានមនុស្សជាតិសុខាភិបាលបន្ថែម បម្រើសុខុមាលភាពប្រជាពលរដ្ឋ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ (ដែល)នៅដើមសប្ដាហ៍ឈានទៅរកចុងឆ្នាំ ២០១៩ បានមកជួបជុំសាជាថ្មីម្ដងទៀត ជាមួយនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បន្ទាប់ពីឆ្នាំ ២០១៧។ ឥឡូវ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត ជាមួយនឹងការប្រគល់សញ្ញាបត្រសម្រាប់ថ្ងៃនេះ (នូវ)គ្រប់កម្រិត និងគ្រប់ឯកទេស។ តាមរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អម្បាញ់មិញ បង្ហាញពីវឌ្ឍនភាព ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានចាប់តាំងពីបើក(នៅ)ឆ្នាំ ១៩៨០ រហូតមក។ ថ្ងៃនេះ យើងមានមោទនភាព ដោយសារតែយើងទទួលបានធនធានមនុស្សរបស់ជាតិសម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជម្រុញអនុវត្តនូវគោលនយោបាយគាំពារសង្គម។ ក្នុងនោះ គ្របដណ្ដប់ភាគច្រើន គឺការធ្វើសកម្មភាពរបស់មន្រ្តីសុខាភិបាល។ និយាយឱ្យចំ គឺគ្រូពេទ្យរបស់តែម្ដង។ ការបណ្ដុះបណ្ដាលដែលបានធ្វើក្នុងរយៈពេលកន្លងទៅនៅគ្រប់កម្រិត (និង)គ្រប់ឯកទេស គឺបានផ្ដល់ឱ្យយើងមានឱកាស ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើងក្នុងវិស័យសុខុមាលភាព។ កំណើនប្រជាជន ១៦ លាននាក់ ក្នុងរយៈពេល ៤០ ឆ្នាំ យើងបានឃើញហើយថា ចំនួនប្រជាជនដែលចាប់ផ្ដើមនៅក្នុងគ្រាដំបូងនៅជុំវិញ ៥ លាននាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ រយៈពេល ៤០ ឆ្នាំក្រោយ បន្ទាប់ពីរំដោះចេញពីរបប ប៉ុល…