សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន ស៊ី ជីនពីង ជួបសំណេះសំណាលការងារ ប្រកបដោយភាពស្និទ្ធស្នាល
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជំនួបត្រូវបានធ្វើឡើងប្រកបដោយ ភាពស្និទ្ធស្នាលជាទីបំផុត។ ការពង្រីកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងចិន រួមជាមួយបញ្ហាក្នុងតំបន់ និងបញ្ហាសាកលមួយចំនួនទៀត ត្រូវបានលើកយកមកជជែក នៅក្នុងជំនួបនេះ។ បន្ទាប់ពីជំនួបពិភាក្សាលោកប្រធានាធិបតីចិន ក៏បានរៀបចំពិធីទទួលទានអាហាររួមគ្នាជាមួយសម្តេចតេជោ និងគណៈប្រតិភូផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តើមទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នេះបន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលតុមូលខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដាក់កម្រងផ្កាវិមានវីរៈជនរបស់ប្រជាជនចិន នៅមុខទីលានធានអាមេន ក្នុងទីក្រុងប៉េកាំង។ កម្រងផ្កាដែលមានចារឹកអក្សរពណ៌មាស មានអត្ថន័យថា វីរៈជនរបស់ប្រជាជនចិន ស្ថិតនៅជាអមតៈ។ សម្តេចតេជោ និងគណៈប្រតិភូបានលំឱនកាយវាចារចិត្តដោយសេចក្តីគោរពជូនចំពោះវិញ្ញាណក្ខន្ធវិរៈយុទ្ធជន យុទ្ធនារី និងកងទ័ពរំដោះប្រជាជនចិន…