រមណីយដ្ឋានទេសចរណ៍ ២២កន្លែងនៅកម្ពុជា ក្លាយជារមណីយដ្ឋានគំរូប្រចាំឆ្នាំ២០១៧-២០១៨
FN ៖ ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១រួចមក រមណីយដ្ឋានទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី-ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានរមណីយដ្ឋានទេសចរណ៍ចំនួន២២ បានទទួលជ័យលាភីទេសចរណ៍គំរូសម្រាប់ឆ្នាំ២០១៧-២០១៨។ បន្ទាប់ពីរកឃើញជ័យលាភីទាំងនោះហើយ ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេ បានរៀបចំសិក្ខាសាលាបូកសរុបចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១ នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងទេសចរណ៍បានកំណត់យក «ឆ្នាំ២០១៧ ជាឆ្នាំប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនៅទូទាំងប្រទេស» និងជាការជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវវិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្តចលនាប្រលងប្រណាំង «រមណីយដ្ឋានស្អាត» នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ លោកបន្តថា កន្លងមក ក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ជំរុញនូវយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» និងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនេះ ដោយបានរៀបចំឲ្យមានរួចហើយនូវការជូនជ័យលាភីទីក្រុងស្អាត និងជ័យលាភីសេវាល្អ បដិសណ្ឋារកិច្ចល្អ ក្រោមឆ័ត្រនៃ «រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ហើយថ្ងៃនេះក្រសួងទេសចរណ៍ប្រកាសលទ្ធផលរមណីយដ្ឋានស្អាត ក្រោមការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ លើកទី១។…