FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ មានគណបក្សសរុបចំនួន១០ហើយ បានចុះឈ្មោះ និងចុះបញ្ជីបេក្ខជននៅ គ.ជ.ប ក្នុងនោះមានគណបក្សចំនួន៤ ដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ រួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា និងគណបក្សរួបរួមជាតិ។ នេះបើយោងតាមសេចក្តី ប្រកាសរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ។
ក្នុងចំណោមគណបក្សចំនួន១០ ដែលបានចុះបញ្ជីឈ្មោះ និងបញ្ជីបេក្ខជនរួចរាល់នោះ មានគណបក្សចំនួន៦ មិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប នៅឡើយទេ ក្នុងនោះរួមមាន៖ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សពន្លឺថ្មី និងគណបក្សសម្ព័ន្ធប្រជាធិបតេយ្យ។
បើតាម គ.ជ.ប ក្រៅពីគណបក្សដែលបានចុះបញ្ជីរួចរាល់ទាំងនោះ ពេលនេះក៏មានគណបក្សនយោបាយចំនួន៧ទៀត បាននិងកំពុងបំពេញលក្ខខណ្ឌតម្កល់ប្រាក់១៥លានរៀល នៅរតនាគារជាតិ ខណៈដែលគណបក្សនយោបាយចំនួន៦ ផ្សេងទៀត បានទទួលទម្រង់១០០៨ ពាក្យសុំចុះបញ្ជីពីគ.ជ.បផងដែរ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ មានចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕