កម្ពុជាត្រូវបានជ្រើសតាំងជា អនុប្រធានក្រុមប្រឹក្សាទេសាភិបាលរបស់ ADB ឆ្នាំ២០១៩, ប្រធាន ADB បញ្ជាក់សារជាថ្មីពីការពង្រឹងកិច្ចសហប្រតិបត្តិការ៥ឆ្នាំតទៅមុខទៀត!
FN ៖ ប្រទេសកម្ពុជា និងប្រទេសន័រវេស ត្រូវបានជ្រើសតាំងជាអនុប្រធាន នៃក្រុមប្រឹក្សាទេសាភិបាលរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ឆ្នាំ២០១៩ ខាងមុខនេះ។ ការជ្រើសតាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបបានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ការជ្រើសតាំងនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយក៏ជាសក្ខីភាពបញ្ជាក់ឱ្យឃើញថា កម្ពុជាបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិ នៅក្នុងការគ្រប់គ្រងកិច្ចការតំបន់ និងពិភពលោក និយាយជារួម និងនិយាយដោយឡែក គឺជាការផ្តល់កិត្តិយស និងការទទួលស្គាល់នូវតួនាទីដ៏សំខាន់និងសមត្ថភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសសមាជិកនៅក្នុងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះ។ នៅក្នុងសុន្ទរកថា ដែលបានកត់ត្រាជាកំណត់ហេតុ នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាទេសាភិបាលលើកទី៥១ របស់ ADB, លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទេសាភិបាលជំនួសរបស់កម្ពុជា ដែលបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំនេះ, បានគូសបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះយុទ្ធសាស្រ្តឆ្នាំ២០២០ របស់ ADB ដែលបានជួយប្រទេសសមាជិក ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនខ្លួនឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០៣០…