សម្តេចតេជោបង់ការផាកពិន័យការបំពានច្បាប់ចរាចរណ៍
ថ្ងៃ ២២ មិថុនា ២០១៦ លើទំព័រហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានសរសេរថា បើទោះជាបានអភ័យទោសជាសាធារណៈពីការជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាពក៏ដោយ ក៏សម្តេចរង់ចាំការផាកពិន័យពីសំណាក់នគរបាល។ សម្តេចបានបញ្ជាក់ថា អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៍ទេ ពេលដែលបំពានច្បាប់មិនបានពាក់មួកសុវត្ថិភាព និងទោចក្រយានយន្តគ្មានផ្លាកលេខ។ ក្រៅពីទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ សម្តេចតេជោបានកោតសរសើរនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ សម្តេចលើកឡើងថា សកម្មភាពនេះ ត្រូវយកធ្វើជាគំរូនៃការអនុវត្តច្បាប់៕