FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើការងារឲ្យបានជិតស្និទ្ធ និងប្រកបដោយភាពជឿជាក់ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ជាពិសេសចៀសវាងការស្តាប់ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា។
ជាការកត់សម្គាល់ជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមបរិយាកាសដ៏ល្អប្រសើរ និងបានឈានដល់ការយល់ចិត្តថ្លើមគ្នាច្រើន ជាមួយការប្តេជ្ញារួមគ្នាធ្វើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។
ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាពនោះ លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ជាងនេះទៀត លោកស្រី និងក្រុមប្រតិភូបានសម្តែងនូវការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើវិស័យអប់រំ ដែលកន្លងមកបានធ្វើការកែទម្រង់យ៉ាងមានប្រសិទ្ធភាព និងមានគុណភាព។ លោក ស្រី Clair Van de Varen ក៏បានជំរាបពីវឌ្ឍនភាពរបស់ទីភ្នាក់ងារទាំងឡាយរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើការនៅកម្ពុជាកន្លងមក និងកំពុងយកចិត្តទុកដាក់ក្នុងវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច កសិកម្ម ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាព បម្រែបម្រួលអាកាសធាតុ ការប្រើប្រាស់ថាម ពលប្រកបដោយប្រសិទ្ធភាព និងបញ្ហាសំរាមរឹង និងរាវ ការអភិវឌ្ឍវិស័យសុខាភិបាល និងវិធានការទប់ស្កាត់គ្រោះមហន្តរាយជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការរីករាយ និងមានមោទនភាពក្នុងកិច្ចសហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង ឡាយ ដែលបានសិក្សាច្បាស់លាស់អំពីអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស ដើម្បីបន្តការអភិវឌ្ឍន៍ដោយចីរភាព ដែលមានការយកចិត្តទុកដាក់ និងប្រឹងប្រែងខ្លាំងជាងមុន។
សម្តេចតេជោ បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ គឺស្របទៅនឹងនិន្នាការ និងស្ថានភាពជាក់ស្តែងរបស់តំបន់ និងពិភពលោកផងដែរ។
ដើម្បីចៀសការយល់ច្រឡំចំពោះរាជរដ្ឋាភិបាលលើការងារមួយចំនួនដូចបណ្តាឆ្នាំកន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យ ភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់បន្តធ្វើការជាមួយស្ថាប័នរបស់កម្ពុជា ដោយភាពជឿជាក់រវាងគ្នាក្នុងនាមជាដៃគូ ជាពិសេសត្រូវមានទំនាក់ទំនងល្អក្នុងការទទួលយកព័ត៌មានពីគ្នាទៅវិញទៅមក ចៀសវាងការស្តាប់តាមសារព័ត៌មានដែលគ្មានប្រភពច្បាស់លាស់។
បើទោះបីជាយ៉ាងណា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណដល់ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ហើយកម្ពុជា ក៏ដឹងច្បាស់ថា នឹងត្រូវខិតខំកាន់តែខ្លាំងនៅពេលគ្មានជំនួយពីដៃគូ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅទីភ្នាក់ងារអង្គការសហប្រជាជាតិនានាសូមធ្វើសកម្មភាពស្របតាមច្បាប់កម្ពុជា និងស្របតាមធម្មនុញ្ញ នៃអង្គការសហប្រជាជាតិ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានស្នើដល់លោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ពិនិត្យឡើងវិញក្នុងការបន្ថែមជំនួយហិរញ្ញវត្ថុលើកាបូនព្រៃឈើ ដែលកម្ពុជាមានគម្របព្រៃឈើយ៉ាងច្រើន កំពុងជួយដល់បម្រែបម្រួលធាតុអាកាស។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការសហប្រជាជាតិយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះវត្តមានយុទ្ធជនមួកខៀវកម្ពុជា ដែលកំពុងបម្រើបេសកកម្មអង្គការសហប្រជាជាតិនៅក្នុងប្រទេសកំពុងមានវិបត្តិសង្រ្គាម ព្រោះពេលថ្មីៗនេះ មានយុទ្ធជនមួកខៀវកម្ពុជាបានស្លាប់បាត់បង់ជីវិតនៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានសន្យានឹងរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយតំណាងទីភ្នាក់ងារអង្គការសហប្រជាចាតិ ជារៀងរាល់ឆ្នាំ ព្រមទាំងស្នើតំណាងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិទាំងអស់ ចូលរួមពិភាក្សាបញ្ចេញយោបល់ឲ្យបានច្រើនក្នុងកិច្ចប្រជុំលើកក្រោយៗទៀត៕