សហព័ន្ធស្រូវអង្ករកម្ពុជា ទទួលនូវរង្វាន់អ្នកតាំងពិព័រណ៍ល្អជាងគេ (Best Exhibitor) ដែលចូលរួមតាំងពិព័រណ៍ផលិតផលស្រូវអង្ករនៅក្នុងពិព័រណ៍ ចិន-អាស៊ាន លើកទី១៥
FN ៖ ក្នុងឱកាសពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក សុខ ពុទ្ធីវុធ បានដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមតាំងពិពរណ៍ចាប់ពីថ្ងៃទី ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីធ្វើការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ជាពិសេសគុណភាពនៃអង្ករក្រអូបប្រណិតកម្ពុជា ជាមួយនឹងម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ដល់ទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារអន្តរជាតិដែរ។ កំឡុងពេលនៃការរៀបចំស្តង់ពិព័រណ៍ និងដាក់បង្ហាញផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា សហព័ន្ធក៏បានចូលរួមចែករំលែកនូវព័ត៌មាននានាដល់ដៃគូ-អតិថិជនចិន និងអន្តរជាតិ ក៏ដូចជាការចែករំលែកនូវចំណេះដឹងតាមសារព័ត៌មាននានា ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យវិស័យស្រូវអង្ករកម្ពុជា ជាពិសេសអង្ករមានគុណភាពល្អប្រណីតដែលផលិតចេញពីបេះដូងកសិករកម្ពុជាកាន់តែល្បីសុះសាយលើឆាកអន្តរជាតិបន្តទៀត។ តាមរយៈការរៀបចំស្តង់ពិព័រណ៍ ការទំនាក់ទំនង និងការចែករំលែកនូវចំណេះដឹងនានាអំពីវិស័យស្រូវអង្ករកម្ពុជា អ្នករៀបចំកម្មវិធីពិព័រណ៍ចិន បានផ្តល់នូវវិញ្ញាបនបត្រ “Best Exhibitor” ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីជាសក្ខីភាពនៃការខិតខំរបស់ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានបន្តចូលរួមក្នុងការផ្សព្វផ្សាយអង្កររបស់ខ្លួនក្នុងពិព័រណ៍ចិន-អាស៊ាននេះ៕