សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃ រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ជាទីមេត្រី ខ្ញុំពិតជាមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនូវឯកសារ «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» នាថ្ងៃ នេះ។ ជាបឋម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី ទាំងអស់គ្នានៅក្នុងកម្មវិធីថ្ងៃនេះ។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រី ជំ នាញដែលមានការពាក់ព័ន្ធនៅក្នុងក្របខ័ណ្ឌ នៃក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល ដែលបាន ខិតខំធ្វើការយ៉ាងស្វិតស្វាញ ដើម្បីតាក់តែងឯកសារក្របខ័ណ្ឌគោលនយោបាយដ៏មានសារៈសំខាន់នេះ ឡើង សំដៅធ្វើសមាហរណកម្ម និងអភិវឌ្ឍនូវប្រព័ន្ធគាំពារសង្គម នៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយ សង្គតិភាព និងប្រសិទ្ធភាពស្របតាមការកំណត់នៃ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣» របស់ រាជរដ្ឋាភិបាល។ ខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូអភិវឌ្ឍពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់វិភាគទាន និងការគាំទ្រយ៉ាងសកម្មនៅក្នុង ដំណើរការរៀបចំឯកសារនេះ។ កម្មវិធីដ៏មហោឡារឹកថ្ងៃនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា…