FN ៖ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប (ASEIC) បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MoU) ស្ដីពីកិច្ចសហប្រតិបត្តិការ លើនាវានុវត្តន៍អេកូសម្រាប់ ការកសាងសមត្ថភាព និងលើកម្ពស់ការអភិវឌ្ឍ ឧស្សាហកម្មដែលបញ្ចេញកាបូនទាន។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ខាងលើនេះ ដោយមានការចូលរួមពី លោក ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង លោក Sejong Kim អនុប្រធាន (Vice-President) មជ្ឈមណ្ឌលនវានុវត្តន៍អេកូសម្រាប់ជំនួបសហគ្រាសធុនតូច និងមធ្យមអាស៊ីអ៊ីរ៉ុប នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិដ៏ធំធេង ចំពោះការអភិវឌ្ឍប្រកបដោយចរីភាព ការអភិវឌ្ឍបៃតង និងការប្រែប្រួលអាកាសធាតុ។
លោក ទិន ពន្លក បានបន្ដថា ជាក់ស្ដែង ការប្ដេជ្ញាចិត្តនេះរួមមាន ការកាត់បន្ថយការបញ្ចេញ ឧស្ម័ននៅត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតមូលដ្ឋាន ១៦% ក្នុងវិស័យថាមពល មកនៅត្រឹមចំនួន៧% នៅក្នុងវិស័យថាមពល (NDC)។
លោក បានបន្ថែមទៀតថា គោលនយោបាយថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍន៍បៃតង មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះឧស្សាហកម្មបៃតង និងបានគូសបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវតែមានតុល្យភាពជាមួយបរិស្ថាន សង្គម និងវប្បធម៌។ វិស័យឧស្សាហកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តនូវការប្ដេជ្ញាចិត្តនេះ។
លោក ទិន ពន្លក បានឲ្យដឹងទៀតថា ដូចនេះ ស្ថាប័នថ្នាក់ជាតិ ជាពិសេសស្ថាប័នរៀបចំគោលនយោបាយ ដូចជា NCSD ត្រូវបង្កើតដំណោះស្រាយគោលនយោបាយ និងច្បាប់សមស្របដោយផ្អែកលើស្ថានភាពជាក់ស្ដែងក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់នូវឯកទេសពីវិស័យឯកជន ក្រសួង ក៏ដូចជាដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។
លោក Sejong Kim បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាង ASEIC និងកម្ពុជា បានចាប់ផ្ដើមជាលើកដំបូងក្នុងឆ្នាំ ២០១១ ដោយគាំទ្រដល់គម្រោងបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក យើងបានបន្ដទំនាក់ទំនងល្អ ក្នុងការអនុវត្តកម្មវិធី កសាងសមត្ថភាព សហគ្រិនអេកូ។
លោកបន្ដថា នៅឆ្នាំនេះ ដោយមានការស្នើសុំ ពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការពន្យារពេលចូលរួមក្រុមហ៊ុន យើងបានរៀបចំសិក្ខាសាលា ស្ដីពី ការកសាងសមត្ថភាព ដោយមានការ ចូលរួម ពីវិស័យឧស្សាហកម្មផ្សេងៗ យើងជឿជាក់ថាព្រឹត្ដិការណ៍នេះ នឹងក្លាយជាវេទិកាសម្រាប់ផ្សព្វផ្សាយនៃនាវានុវត្តន៍ អេកូ៕