កងទ័ពមិនត្រូវភ្លេចភារកិច្ចការពារឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យ និងការពារសន្ដិភាពឡើយ
FN៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូចអន្ដរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំលឹកដល់កងទ័ពទាំងអស់ មិនត្រូវភ្លេចភារកិច្ចក្នុងការពង្រឹងខឿន ការពារជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពនោះឡើយ។ ក្នុងពិធីនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កងទ័ពត្រូវរក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺងម៉ាត់នូវរាល់ បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ព្រមទាំងបន្តយកចិត្តទុកដាក់ស្វែងយល់ អំពីសភាពការណ៍ថ្មីៗ ដើម្បី លើកកម្ពស់មនសិការស្នេហាជាតិ បង្កើនការយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រ និងយកអស់កម្លាំងកាយចិត្តហ្វឹកហាត់គ្រប់ជំនាញ។ ទន្ទឹមនឹងនេះ ក៏សូមបន្តសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការកសាងភូមិ-ឃុំ មានសុវត្ថិភាព ព្រមជាមួយនឹងការបន្តប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច។ លើសពីនេះ សូមបន្តយកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារ ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយនានា នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវឲ្យបានរហ័សបំផុត ឲ្យស័ក្តិសមជាកូនចៅពិតប្រាកដរបស់ប្រជាជន ដែលហ៊ានធ្វើពលិកម្មគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ។…