រដ្ឋសភា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ ពិភាក្សារបៀបវារៈ៤សំខាន់ៗ នៅថ្ងៃទី០៧ ខែមេសាខាងមុខ
FN ៖ រដ្ឋសភានៃកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជាផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។ សម័យប្រជុំរដ្ឋសភាលើកទី០៨ នីតិកាលទី៥ នឹងពិភាក្សារបៀបវារៈ៤សំខាន់ៗរួមមាន៖ ១៖ ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៥។ ២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៥។ ៣៖ ការពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ។ ៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ៕