FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានថ្លែងប្រាប់អង្គភាព័ត៌មាន Fresh News ឱ្យដឹងនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះថា គ.ជ.ប បានប្រទះឃើញបញ្ហាមួយចំនួនដែលកើតឡើង បន្ទាប់ពីរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ រយៈពេលកន្លះថ្ងៃនេះ ប៉ុន្តែទោះជាយ៉ាងណា បញ្ហាទាំងនោះ មិនទាន់ជាអ្វីធ្ងន់ធ្ងរនៅឡើយទេ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពមិនប្រក្រតី យើងបានរកឃើញខ្លះដែរ ដូចជាពលរដ្ឋខ្មែរគាត់មានការច្រឡំការិយាល័យបោះឆ្នោត ករណីឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះ យកទៅធ្វើការបញ្ជាក់យកទៅបោះឆ្នោតក៏គាត់មានការច្រឡំខ្លះ ហើយមានកន្លែងខ្លះ ក៏មានប្រជ្រៀតគ្នា បណ្តាលឱ្យខ្យល់គ ហើយក៏មានករណីប្រើប្រាស់ប្រដាប់ថតរូប នៅក្នុងការិយាល័យបោះឆ្នោត ថតក្នុងបន្ទប់សម្ងាត់ហើយផ្សព្វផ្សាយចេញ ហើយមានគណបក្សមួយនោះ គាត់បានឃោសនាតាម TV Facebook»។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ១១៖៣០នាទី ព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋនៅទូទាំងប្រទេសជាង៥០ភាគរយហើយ បានទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ ខណៈសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ក៏មានភាពល្អប្រសើរ មិនមានភាពមិនប្រក្រតីអ្វីធំដុំទេ។ នេះបើតាម លោក ហង្ស ពុទ្ធា៕