សម្តេចតេជោ ហ៊ុន សែន៖ មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនោះទេ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជាវិធានការក្នុងការទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។ ក្នុងសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តចតេជោ ហ៊ុន សេន បានបញ្ជាក់ដូច្នេះ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។ ការបញ្ជាក់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសំឡេងមួយចែកចាយតាមបណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា នឹងមានការបិទរាជធានីភ្នំពេញ និងហាមធ្វើដំណើរឆ្លងខេត្តជាដើម។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឌិតព័ត៌មាននេះ ជាការឃោសនាអកុសលរបស់ជនអាក្រក់ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ ជាមួយនឹងការច្រានចោលព័ត៌មានប្រឌិតនេះហើយ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ ពាក់ព័ន្ធការពាក់ម៉ាស់នេះដែរ សម្តេចតេជោ បានបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។…