លោក Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការគាំទ្រ និងកោតសរសើរគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចូលរួមកែលម្អស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។
ការប្រកាសគាំទ្របែបនេះរបស់ ឯកអគ្គរដ្ឋទូតជប៉ុន ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ លោកមេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។
បន្ថែមពីការប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន លោក Mikami Masahiro ក៏បានអះអាងទៀតថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជា ក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឲ្យទទួលបានជោគជ័យ។
ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវ អនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។
ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២ គឺចំពេល នៃការប្រារព្ធខួប ទី៣០ឆ្នាំ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។
លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេសការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការ។ លើសពីនេះ លោកក៏បានបង្ហាញនូវការបេ្តជ្ញា បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ទោះបីជាមានការរំខានដោយសារកត្តាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
ទន្ទឹមនោះផងដែរ លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរដែល លោក ហ៊ុន ម៉ាណែត ត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោត ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អតាំងពីអតីតកាលមក ជាអាទិ៍ ការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយក្នុងការកសាង និងអភិវឌ្ឍកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន ក៏ដូចជាជំនួយឧត្ថម្ភនានាក្នុងពេលចំពោះមុខ សម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។
មេបញ្ជាការកងទ័ពជើងគោករូបនេះ ក៏បានថ្លែងអំណរគុណសម្រាប់ការអញ្ជើញ លោកទៅទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសស្របពេលនៃការប្រារព្ធខួបទី៣០ នៃប្រតិបត្តិការរក្សាសន្តិភាពជាប្រវត្តិសាស្ត្ររបស់ជប៉ុននៅកម្ពុជា។
ក្នុងឱកាសនោះ លោកមេបញ្ជាការកងទ័ពជើងគោក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព នៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌកងទ័ពជើងគោក ដែលមានដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម ហើយសង្ឃឹមថាសកម្មភាពទាំងនេះ នឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល៕