លោក ហ៊ុន ម៉ាណែត៖ តួអង្គសំខាន់ ៣ ជំរុញឱ្យកើតមានសមិទ្ធផលក្នុងវិស័យអប់រំនៅកម្ពុជា

នៅចំពោះមុខលោកអ្នកអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សជាច្រើន លោក ហ៊ុន ម៉ាណែត បានធ្វើបទបឋកថាបកស្រាយអំពីតួអង្គសំខាន់ៗចំនួន៣ ដែលជំរុញឱ្យកើតមានសមិទ្ធផលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ការបកស្រាយនេះធ្វើឡើងនាឱកាសសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។ នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សមិទ្ធផលជាច្រើននៅក្នុងវិស័យអប់រំ ដែលសម្រេចបានកន្លងមកនេះ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែង និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមចំណែករបស់សប្បុរសជននានា ប៉ុន្តែកត្តាកំណត់ជោគជ័យដ៏ចម្បងចាំបាច់ គឺអាស្រ័យទៅនឹងតួអង្គ៣សំខាន់ រួមមាន៖ * ទី១៖ គឺតួសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ។ លោកថា សម័យកាលមុន កម្ពុជាជួបការលំបាកច្រើនណាស់ ទាំងការខ្វះខាតសាលា ហើយប្រទេសក៏មានសង្គ្រាម ប៉ុន្តែបច្ចុប្បន្ននេះប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ជាការបង្កលក្ខណៈឱ្យសិស្សានុសិស្សមានឱកាសច្រើនគ្រប់បែបយ៉ាង និងនៅគ្រប់កន្លែងទាំងអស់ ទាំងជម្រើសក្នុងការសិក្សា និងជម្រើសការងារ។ ដូច្នេះអ្វីដែលសំខាន់ចាំបាច់សម្រាប់សិស្សានុសិស្ស យុវជន គឺការកសាងផ្នត់គំនិតនៃការតស៊ូម្ចាស់ការលើខ្លួនឯង ទាំងនៅក្នុងការសិក្សា និងការបំពេញការងារ ដើម្បីកសាងពង្រឹងសមត្ថភាព និងបង្កើតឱកាសឈានទៅជោគជ័យក្នុងជីវិត។…