សុន្ទរកថា ក្នុងពិធីបើកវេទិកាប៊ូអាវ ស្តីពី «អនាគតអាស៊ី សក្តានុពលថ្មី និងចក្ខុវិស័យថ្មី»
ឯកឧត្តម Yasuo FUKUFA ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ី និងថ្នាក់ដឹកនាំពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេក្តីសោមនស្សរីករាយក្រៃលែង និងកិត្តិយសដ៏ឧត្តុងឧត្តម ដែលបានចូលរួមជាមួយបណ្តាថ្នាក់ដឹកនាំអាស៊ី និងពិភពលោក ក្នុងវេទិកាប៊ូអាវ ស្តីពី «អនាគតអាស៊ី៖ សក្តានុពលថ្មី និងចក្ខុវិស័យថ្មី» នៅទីក្រុងប៊ូអាវ នៃខេត្តហាយណាន ដ៏ស្រស់ស្អាត។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។ ខ្ញុំជឿជាក់ថា វេទិកាប៊ូអាវ នេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់អាស៊ី ពិសេសនៅលើវិស័យសេដ្ឋកិច្ច នយោបាយ និងសង្គម-វប្បធម៌។ ដោយពេលវេលាមានកំណត់ ក្នុងឱកាសនេះ ខ្ញុំសូមផ្តោតមតិរបស់ខ្ញុំទៅលើទិដ្ឋភាពសមាហរណកម្មតំបន់ ដែលគប្បីជាផ្នែកមួយសំខាន់នៃយុទ្ធសាស្រ្តកំណើនរបស់អាស៊ី។ ខ្ញុំមានជំនឿថា ដើម្បីបន្តកសាងសហគមន៍ និងសេដ្ឋកិច្ចអាស៊ី យើងត្រូវបន្តផ្តោតការយកចិត្តទុកដាក់លើការពន្លឿនសមាហរណកម្មតំបន់ សំដៅប្រើប្រាស់ឲ្យបានប្រកបដោយប្រសិទ្ធិភាព នូវសក្តានុពលនៃលំហូរដោយសេរីនៃទំនិញ មូលធន និងពលករជំនាញ ដែលនឹងជួយតំបន់អាស៊ីឲ្យរក្សាបាននូវតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម…