ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាជូននិស្សិត សាកលវិទ្យាល័យវេស្ទើនជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សរៀនកាន់តែពូកែ ការបង់ថ្លៃកាន់តែតិច គឺជាបំណងដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ សម្តេចតេជោ ហ៊ុន សែន ការអប់រំពឹងតែលើវិស័យរដ្ឋមិនអាចគ្រប់គ្រាន់នោះទេ ហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណភាពអប់រំនៅតែជាបញ្ហា ហើយសាកលវិទ្យាល័យមានគុណភាពអប់រំល្អ គឺទទួលបានសិស្សកាន់តែច្រើន សាកលវិទ្យាល័យមានគុណភាពអប់រំទាប គឺទទួលសិស្សបានកាន់តែតិច។ សម្តេចតេជោថា នេះហើយគឺជាការប្រកួតប្រជែង តែការប្រកួតប្រជែងនេះ មិនមែនជាការប្រកួតប្រជែងដើម្បីសញ្ញាបត្រទេ គឺជាការប្រកួតប្រជែងយកគុណភាពចំណេះដឹងរបស់និស្សិត។ * សម្តេចតេជោថ្លែងថា រាល់អាហារូបករណ៍ដែលសាកលវិទ្យាល័យនានាប្រគល់ជូនសម្តេច មិនបានយកទៅណានោះទេ គឺយកទៅកូនចៅប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ។…