កម្ពុជា-តួកគី ពិភាក្សាពីការជំរុញការបើកស្ថានទូតកម្ពុជានៅតួកគី ឲ្យបានឆាប់បំផុត និងឯកភាពគ្នាធ្វើទស្សកិច្ចលើគ្រប់កម្រិត ដើម្បីពង្រឹងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ
FN ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។ នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅ និងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅសាធារណរដ្ឋតួកគី ឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។ ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងលោកប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។…