នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Binh Minh ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសវៀតណាម។
នៅក្នុងជំនួបនោះ ឯកឧត្តម Binh Minh បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី អំពីដំណើរអញ្ជើញរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា និងវៀតណាមលើកទី ១៧ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក ទី ២១ សីហា ខាងមុខនេះ ហើយកិច្ចប្រជុំនេះ នឹងដឹកនាំរួមគ្នារវាងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបទេស នៃប្រទេសទាំងពីរ គឺឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម Binh Minh។
ក្នុងជំនួបរសៀលមួយនេះ គឺមានការផ្លាស់ប្ដូរមតិមួយចំនួន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចប្រជុំគណៈកម្មការចម្រុះនៅថ្ងៃស្អែកនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងមានខ្លឹមសារ។ ដោយឈរលើគោលការណ៍ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរផង និងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងប្រទេសយើងទាំងពីរ ដែលមានពីមុនកន្លងមកនេះផង។
ក្នុងជំនួបនេះ អ្វីដែលសំខាន់៖
ទី ១ ផ្តោតទៅលើការត្រៀមរៀបចំនូវទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសវៀតណាមអំឡុងខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ
ទី ២ ធ្វើយ៉ាងណាគណៈកម្មការចម្រុះនេះនឹងពិភាក្សាការងារជម្រុញ នូវកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ ជាពិសេស ការត្រៀមនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងលើការងារព្រំដែនរវាងប្រទេសទាំងពីរ ដោយសារបច្ចុប្បន្ននេះ កិច្ចការងារព្រំដែននេះគឺបានបញ្ចប់ប្រមាណជា ៨៤% ហើយ សល់ប្រមាណជា ១៦% ទៀតទេ ដែលគណៈកម្មការព្រំដែននៃប្រទេសទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះជាបន្តទៀត។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបន្តជំរុញការងារនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យថ្នាក់ដឹកនាំវៀតណាមរៀបចំវេទិកាធុរកិច្ចកម្ពុជា-វៀតណាម នៅពេលដែលដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសវៀតណាមអំឡុងខែកញ្ញាខាងមុខនេះ ដើម្បីជាឱកាសនៃការកៀងគរអ្នកវិនិយោគវៀតណាម មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពីការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យមានការកើនឡើងថែមទៀតផងដែរ។
ក្នុងជំនួបនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃប្រទេសវៀតណាម ក៏បានបង្ហាញនូវក្តីរីករាយដែលបានឃើញសមិទ្ធផលក៏ដូចជាការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ជាពិសេសវិស័យសេដ្ឋកិច្ច និងការរីកដុះដាលនៃវិស័យសំណង់ ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានជូនពរឱ្យដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសវៀតណាមខាងមុខទទួលបាននូវភាពជោគជ័យ ហើយឯកឧត្តម នឹងធ្វើការងារនោះផ្ទាល់ជាមួយនឹងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរទស្សនកិច្ចការងាររបស់សម្ដេចតេជោទទួលបាននូវភាពជោគជ័យផងដែរ៕