សន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតី ម៉ាល់ឌីវ ក្នុងពេលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋម៉ាល់ឌីវ
(១) អញ្ជើញប្រធានាធិបតីម៉ាល់ឌីវបំពេញទស្សនកិច្ចនៅកម្ពុជាវិញម្ដង ជាមួយនឹងកិច្ចពង្រឹងថែមទៀតនៃចំណងទាក់ទងរបស់យើង ខ្ញុំក៏សូមយកឱកាសនេះថ្លែងសាជាថ្មីអំពីការសួរសុខទុក្ខរបស់ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមដោយការអញ្ជើញចំពោះឯកឧត្ដមប្រធានាធិបតីសម្រាប់ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ហើយប្រសិនបើអាចធ្វើទៅបាន គឺអញ្ជើញ(ឯកឧត្តមធ្វើ)ទស្សនកិច្ចនៅកម្ពុជា ក្នុងពេលដែលកម្ពុជាប្រារព្ធការបើក SEA Games នៅខែឧសភា នៃឆ្នាំនេះ។ (២) រំលឹកខួបទី២៨ នៃទំនាក់ទំនងការទូត … ជ្រើសរើសនិងដាក់ឈ្មោះផ្លូវមួយខ្សែនៅក្រុងព្រះសីហនុ “ផ្លូវមិត្តភាពកម្ពុជា–ម៉ាល់ឌីវ” អម្បាញ់មិញ ឯកឧត្ដមប្រធានាធិបតីបានលើកអំពីការពិភាក្សា(របស់ប្រទេសទាំងពីរ)។ ខ្ញុំអាចរំលេចបញ្ហាខ្លះបន្ថែមទៀត។ ស្ដីពីទំនាក់ទំនងខាងនយោបាយ ឆ្នាំនេះជាខួបលើកទី២៨ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាដើម្បីជូនអគ្គរដ្ឋទូតពីទីក្រុងបាងកកទៅជូនសារតាំងនៅទីក្រុងភ្នំពេញ ហើយកម្ពុជាបញ្ជូនអគ្គរាជទូតពីទីក្រុង New Delhi មកជូនសារតាំងនៅឯម៉ាល់ឌីវ។ ជាមួយគ្នានេះ ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់របស់យើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជាបានសម្រេចចិត្ត ជ្រើសរើសផ្លូវមួយខ្សែនៅទីក្រុងទេសចរណ៍មាត់សមុទ្ររបស់កម្ពុជា ដាក់ឈ្មោះថាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដែលនេះបង្ហាញអំពីចរិតប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់យើងដោយចាប់ផ្ដើមពីទស្សនកិច្ចរបស់ខ្ញុំនៅទីនេះ។ (៣) អាហារូបករណ៍កម្ពុជា/ម៉ាល់ឌីវ ជាកិច្ចសហប្រតិបត្តិការកម្រិតនយោបាយនិងការបណ្ដុះបណ្ដាលធនធានមនុស្ស ខ្ញុំអរគុណចំពោះការដែលឯកឧត្តមប្រធានាធិបតីបានផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្ដល់នូវការហ្វឹកហាត់សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់នូវមន្ត្រីដែលត្រូវធ្វើបដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា។ ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ នៅក្នុងពេលកំពុងតែរង់ចាំមកកាន់ទីនេះ ខ្ញុំបានជួបជាមួយនឹងប្រធានសាលារួចហើយ ដែលពេលនេះគាត់ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។…