ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺ កូវីដ ១៩ »
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណៈរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនជនរួមជាតិជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាអធិបតី នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវ«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺ កូវីដ-១៩ » ដែលជាកម្មវិធីត្រូវបានគិតគូរ និងរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាសំដៅជួយដល់ប្រជាជន ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ ក្នុងពេលដែលផលប៉ះពាល់ និងសភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងមិនមានភាពច្បាស់លាស់។ ជាការពិត កូវីដ-១៩ គឺជាជំងឺដ៏កាចសាហាវបំផុតមួយ ក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់មនុស្សជាតិ។ មកដល់ពេលនេះ មានមនុស្សជាង ៩ លាននាក់ ហើយនៅលើពិភពលោកទាំងមូលបានឆ្លងជំងឺនេះ ដែលក្នុងនោះមនុស្សរហូតដល់ទៅជាង ៤០ ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត។ នេះគឺជាសោកនាដកម្មដ៏អាក្រក់មួយ ដែលយើងគ្រប់គ្នាមិនចង់ជួប និងមិនចង់ឃើញកើតឡើងនោះទេ។ បច្ចុប្បន្ន ពិភពលោកនៅមិនទាន់រកឃើញនូវថ្នាំ និងវ៉ាក់សាំងសម្រាប់ព្យាបាល និងការពារជំងឺកូវីដ-១៩ នេះនៅឡើយ។ ក្រៅពីការសម្លាប់ជីវិតមនុស្សអស់រាប់សិបម៉ឺននាក់ ជំងឺកូវីដ-១៩ នេះ ក៏បានបង្កឥទ្ធិពលអវិជ្ជមានយ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គមទាំងមូលផងដែរ។ យើងបានដឹងហើយថា សកម្មភាពសេដ្ឋកិច្ច…