សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកស្អាង និងកោះធំ ខេត្តកណ្តាល
… ថ្ងៃនេះ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្មួយៗទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះ រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ព្រមទាំងម្ចាស់រោងចក្រដែលបានវិនិយោគ ហើយដែលផ្តល់ការអនុញ្ញាតឲ្យកម្មករ/ការិនី នៅក្នុងស្រុកស្អាង ក៏ដូចជាស្រុកកោះធំ បានមកចូលរួមនៅក្នុងពិធីសំណេះសំណាល ហើយបានទទួលការឈប់សម្រាកក្នុងរយៈពេលល្ងាចនេះមួយល្ងាចទៀត។ ដរាបណាសម្តេចនៅតែជានាយករដ្ឋមន្ត្រី ការជួបកម្មករ/ការិនីនៅតែបន្ត ខ្ញុំពិតជាមានការរីករាយដោយសារថ្ងៃនេះ យើងបន្តនៅក្នុងដំណើរឈានឆ្ពោះទៅជួបកម្មករ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។ ពិតហើយ សល់ជំនួបប៉ុន្មានលើកទៀតតែប៉ុណ្ណោះ នឹងត្រូវផ្អាកជាបណ្តោះអាសន្ន នៅក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតចប់ ខ្ញុំនឹងត្រូវបន្តដើរជួបកម្មករនៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយអ្វីដែលខ្ញុំបាននិយាយរួចមកហើយនោះ នៅត្រង់ថា ដរាបណាខ្ញុំនៅបន្តជានាយករដ្ឋមន្ត្រីបន្តទៀត ការងារទាក់ទងជាមួយនឹងកម្មករនេះត្រូវបន្តធ្វើមិនចេះចប់។ ដំណាក់កាលសង្គ្រាម វត្តមាននៅតាមខ្សែត្រៀមជួរមុខ ក្មួយៗអាចចោទជាសំណួរថា ហេតុអ្វីបានជាទើបឃើញមុខពូមកថ្ងៃនេះ? នោះគឺជាចម្លើយដែលពូធ្លាប់និយាយទៅកាន់កម្មករ/ការិនី នៅទីកន្លែងផ្សេងៗ ជាង ៥០ ម៉ឺននាក់ … ប្រទេសរបស់យើងមានការវិវឌ្ឍដំណើរការពីដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយ (ក្នុង)ស្ថានភាពមិនដូចគ្នាទេ។ ពេលប្រទេសរបស់យើងស្ថិតនៅក្នុងដំណាក់កាលនៃការលិចលង់ទៅក្នុងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ពេលនោះនៅឃើញសល់រូបភាពមួយចំនួន ដែលពូពាក់ឯកសណ្ឋានយោធាក្នុងសមរភូមិប្រយុទ្ធ ហើយនៅក្នុងរយៈពេលនៃការគ្រប់គ្រងអំណាច ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះ ប្រទេសរបស់យើងមិនទាន់រួចចាកផុតពីសង្គ្រាមនៅឡើយទេ។ គេបានឃើញពូនៅខ្សែត្រៀមជួរមុខជាមួយនឹងកងទ័ព ដើម្បីដោះស្រាយការលំបាករបស់កងទ័ពយើងផង និងដោះស្រាយការលំបាកចំពោះប្រជាជននៅក្នុងតំបន់ប្រយុទ្ធផងដែរ។ ទៅក្រៅប្រទេស ចរចាស្វែងរកដំណោះស្រាយនយោបាយស្តីពីបញ្ហាកម្ពុជា បន្ថែមលើនោះ…