រដ្ឋមន្ត្រី ថោង ខុន៖ ភ្ញៀវនិងពលរដ្ឋ ៩០ម៉ឺននាក់ បានចូលកម្សាន្តនាអំឡុងពេលបុណ្យសមុទ្រនៅខេត្តកំពត
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឱ្យដឹងថា នាអំឡុងពេលពិធីបុណ្យសមុទ្រនៅខេត្តកំពតនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិការណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។ លោកបានបញ្ជាក់ថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។ ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា…