អាជ្ញាធរមីន៖ កម្ពុជាត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក ដើម្បីបោសសម្អាតមីនឲ្យអស់ក្នុងរយៈពេល៧ឆ្នាំ លើផ្ទៃដីជិត២០០០គីឡូម៉ែត្រការ៉េ
FN ៖ អាជ្ញាធរមីន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង១៩៧០គីឡូម៉ែត្រការ៉េទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៥ និងត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់អាជ្ញាធរមីន ដែលចេញនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងឱកាសទិវាអន្ដរជាតិយល់ដឹងពីមីន (០៤មេសា)។ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៨ សកម្មភាពបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម មានរយៈពេល២៦ឆ្នាំមកហើយ។ ពីឆ្នាំ១៩៩២ ដល់២០១៧ ប្រតិបត្តិករសកម្មភាពមីនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន រួមទាំងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្ដរជាតិ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន បានប្រឹងប្រែងរួមគ្នាសម្រេចរំដោះមីនបានជាង ១៦៨០គីឡូម៉ែត្រក្រឡា។ រកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស ចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ២,៧១៣,៦០៦គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ ក្នុងឆ្នាំ២០១៧។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីន ជាគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជាទី៩ និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយក៏បានបញ្ចូលវិស័យសកម្មភាពមីន ជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ដ្រចតុកោណ ចាប់តាំងពីដំណាក់កាលទី១ មកដល់ដំណាក់កាលទី៣នេះ៕