FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន តាមរយៈសំណើរនាយករដ្ឋមន្ត្រីន័រវែសលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng)។
ការឯកភាព ក៏ដូចជាការលើកសំណើនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អេម៉ា សូលប៊ែល នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អេម៉ា សូលប៊ែល បានពិភាក្សាពីបញ្ហាបោសសំអាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ហាមីននៅលើពិភពលោកផងដែរ។ ប្រទេសន័រវែស ជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនដល់ការបោសសំអាតមីននៅកម្ពុជាផងដែរ។
លោកស្រីនាយករដ្ឋមន្ត្រីន័រវែស បានបង្ហាញបំណងចង់ឲ្យមានអនុសញ្ញានៃការហាមឃាតជាផ្លូវការស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ហើយលោកស្រីសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងនៅគំនិតមួយនេះ។ សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុងក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានិងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។
ក្នុងជំនួបនោះលោកស្រីនាយករដ្ឋមន្ត្រី បានប្រកាសថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។
លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា ទម្រាំពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបានចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។ ជាការឆ្លើយតបសម្តេចតេជោមានប្រសាសន៍ថា ប្រទេសន័រវែស គឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។
លោកស្រីនាយករដ្ឋមន្រ្តីក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើនពាក់ព័ន្ធទៅនិងបរិស្ថានក្នុងមហាសមុទ្រនេះ។
លោកស្រី អេម៉ា សូលប៊ែល ក៏បានថ្លែងកោតសរសើរពីភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជាផងដែរ។ លោកស្រីថា បើទោះបីជាលោកជំទាវមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែតាមរយៈព័ត៌មាន និងរូបភាពពីប្រទេសកម្ពុជា លោកស្រីចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។
តាមរយៈជំនួបនោះ លោកស្រីនាយករដ្ឋមន្ត្រីចង់ឃើញទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានកំណើនខ្ពស់។ លោកស្រីក៏បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលប្រទេសកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែស ក្នុងការបោះឆ្នោតជាសមាជិកមិនមែនអចិន្រ្តៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២៕