សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចា សីហនុ-ហ៊ុនសែន គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស គ្មាននយោបាយឈ្នះៗ គ្មានសន្តិភាព!
FN ៖ ជាមួយនឹងការលើកឡើងអំពីការអភិវឌ្ឍនានា នៅតាមបណ្តាអតីតតំបន់សង្រ្គាម ភាគពាយ័ព្យនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញអំពីបុព្វហេតុដែលនាំឱ្យមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងសន្តិភាពសព្វថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានការចរចារវាង “សីហនុ-ហ៊ុនសែន” គ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយបើគ្មាននយោបាយឈ្នះៗ ក៏គ្មានសន្តិភាពនេះដែរ។ ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយ ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»។ សម្តេចតេជោ ហ៊ុន សែន នៅអំឡុង៣ថ្ងៃមកនេះ បានចុះត្រួតពិនិត្យអំពីសមិទ្ធផល និងការអភិវឌ្ឍន៍ នៅតាមបណ្តាខេត្តភាគពាយ័ព្យប្រទេស ដែលក្នុងនោះមានខេត្តបន្ទាយមានជ័យ ប៉ៃលិន ជាដើម។ សម្តេចបានឆ្លងកាត់ស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងម៉ាឡៃ រួមទាំងតំបន់មួយចំនួនទៀតដែលជាអតីតតំបន់សង្រ្គាម…