FN ៖ ដើម្បីលើកកម្ពស់ដល់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរ ជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង យកចិត្តដាក់យ៉ាងខ្លាំង សម្រាប់ការដំឡើងប្រាក់បៀវត្សរ៍ ជូនពួកគាត់ចំនួន ២ដងក្នុង១ឆ្នាំ ដោយលើកទី១ បានដំឡើងរួចមកហើយ នៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ ដំឡើងនៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។
ការដំឡើងប្រាប់ខែនេះ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ បានបង្ហាញនូវក្តីរីករាយ សប្បាយចិត្ត ហើយចាត់ទុកថា ការដំឡើង ប្រាក់ខែនេះ គឺជាការជំរុញលើកទឹកចិត្តជូនដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់។
ជាក់ស្តែងចៅសង្កាត់ នៅក្នុងរាជធានីភ្នំពេញ២រូប សុទ្ធតែបង្ហាញនូវក្តីត្រេកអរ ចំពោះការដំឡើងប្រាក់ខែនេះ នៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះ។
លោក ព្រាប មុន្នី ចៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ក្នុងនាមក្រុមប្រឹក្សាសង្កាត់ព្រែកលៀប មានចិត្តសប្បាយរីករាយ នៅពេលទទួលព័ត៌មាន រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ដល់យើងខ្ញុំទាំងអស់គ្នា ហើយការដំឡើងនេះ គឺបានរួមចំណែកយ៉ាងច្រើន ដល់ការលើក ស្ទួយជីវភាព របស់មន្ត្រីនៅថ្នាក់មូលដ្ឋាន ហើយថ្នាក់ភូមិក៏មានការ សប្បាយរីករាយដូចគ្នា»។
លោក អឿ ស៉ីផុន ចៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ បានថ្លែងថា «ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្រុមប្រឹក្សាសង្កាត់ទាំងអស់ គឺសប្បាយ រីករាយ នៅពេលមានការដំឡើងប្រាក់ខែនេះ ដោយពីមួយឆ្នាំទៅមួយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ នឹងបានដំឡើងប្រាក់ខែ ជូនមន្ត្រីរាជការជាប់រហូត។…ខ្ញុំយល់ឃើញថា ការដំឡើងប្រាក់ខែ នរណាៗ ក៏ចង់ឲ្យដំឡើងបានច្រើនដែរ ប៉ុន្តែការដំឡើងវាមានកម្រិត នៃប្រាក់ចំណូលរបស់រាជរដ្ឋាភិបាល…ខ្ញុំមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលនឹងដំឡើងជារៀងរាល់ឆ្នាំ ក៏ព្រោះតែសេដ្ឋកិច្ច របស់កើតឡើងច្រើនជារៀងរាល់ឆ្នាំ»។
នៅខែមេសា ឆ្នាំ២០១៧ ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងទទួលបានប្រាក់បៀវត្សរ៍ ៥៧០,០០០រៀល, ប្រធានភូមិទទួលបានប្រាក់បៀវត្សរ៍ ២២៥,០០០រៀល, អនុប្រធានភូមិទទួលបានប្រាក់បៀវត្សរ៍ ១៨០,០០០រៀល និងសមាជិកភូមិទទួលបានប្រាក់បៀវត្សរ៍ ១៦០,០០០រៀល។
លោក យក់ ប៊ុនណា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ បានថ្លែងប្រាប់អង្គភាព Fresh News ថា ដើម្បីចូលរួមលើកកម្ពស់ ជីវភាពរបស់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដំឡើងប្រាក់បៀវត្សជូនពួកគាត់ ដោយមួយឆ្នាំ ត្រូវដំឡើងពីរដង ដោយម្ដងនៅខែមករាដើមឆ្នាំ និងម្ដងទៀតនៅមុនបុណ្យចូលឆ្នាំខ្មែរ។
អ្នកនាំពាក្យរូបនេះ បានថ្លែងបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្ស គឺជាការដំឡើងប្រាក់បៀវត្សមូលដ្ឋាន ដែលមាន អត្រា១២ភាគរយជារៀងរាល់ឆ្នាំ។ ចំណែកឯការដំឡើងប្រាក់បៀវត្ស នៅមុនចូលឆ្នាំខ្មែរ គឺជាការដំឡើងប្រាក់ បំណាច់មុខងាររបស់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
លោកបញ្ជាក់ទៀតថា សម្រាប់ការដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០១៧នេះ មន្ត្រីរាជការស៉ីវិល ដែលមានប្រាក់បំណាច់មុខងារ ទាបបំផុត នឹងត្រូវផ្តល់ជូន១០ម៉ឺនរៀលក្នុងមួយខែ ហើយមន្ត្រីរាជការដែលមាន ប្រាក់បំណាច់មុខងារខ្ពស់បំផុតនឹងត្រូវផ្តល់ជូន៤ ម៉ឺនរៀលក្នុងមួយខែ។ មន្ត្រីរាជការស៉ីវិលផ្សេងទៀត អាចទទួលបានការដំឡើងប្រាក់បំណាច់មុខងារចំនួន៩ម៉ឺនរៀល ៨ម៉ឺនរៀល ឬ ៥ម៉ឺនរៀល ផ្អែកលើប្រភេទមុខតំណែងនីមួយៗ។
សូមជម្រាបថា ក្រៅពីការដំឡើងប្រាក់បៀវត្សរ៍ពីរដងក្នុង១ឆ្នាំហើយនោះ រាជរដ្ឋាភិបាលកម្ពុជា ថែមទាំងផ្ដល់នូវប្រាក់ឧបត្ថម្ភ ក្នុងឱកាស បុណ្យចូលឆ្នាំខែ្មរផងដែរ ដោយសម្ដេចតេជោបាន អះអាងកាលពីពេលថ្មីៗនេះថា នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ សម្ដេចនឹងឧបត្ថម្ភ ថវិការជូនមន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេស ក្នុងម្នាក់៥ម៉ឺនរៀល ដែលសរុបទាំងអស់ត្រូវចំណាយ ថវិកាប្រមាណ ៧លានដុល្លាអាមេរិក។
នៅមេសា ឆ្នាំ២០១៧ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទទួលបានប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) ចំនួន៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០។
៤៖ នគរបាលជាតិ ៩៣៧,៧៣០។
៥៖ យោធិន ៨៨០,៧៣០។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០៕