FN ៖ លោក ហ៊ុន ម៉ានី ជាទីប្រឹក្សាជាន់ខ្ពស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានថ្លែងថា អនាគតកម្ពុជា អាចអភិវឌ្ឍទៅមុខ វាអាស្រ័យទៅលើខ្មែរយើទាំងអស់គ្នា ចេះសាមគ្គីគ្នា មិនថាក្នុងនាមជាតំណាងរាស្ដ្រ រដ្ឋមន្ដ្រី ក្នុងវិស័យឯកជន ត្រូវចូលរួមថែមរក្សា និងអភិវឌ្ឍនប្រទេសប្រកបដោយភាពសុខសន្ដិភាព និងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា។
លោកបានថ្លែងបែបនេះ ក្នុងពិធីពិសារអាហារសាមគ្គីជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដែលប្រារព្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការអញ្ចើញចូលរួមពី មន្ដ្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូប និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងអ្នកជំនួញល្បីៗ នៅកម្ពុជាជាច្រើនរូបទៀតផងដែរ។
លោកថ្លែងថា «ថ្ងៃនេះខ្ញុំសូមអនុញ្ញាត ឲ្យខ្ញុំបានបន្ដនូវការចែករំលែកបទពិសោធន៍ និងមតិណែនាំក្នុងវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន ដើម្បីឲ្យមានការលូតលាស់បន្ថែមទៀត ខ្ញុំក៏សូមអនុញ្ញាតិ អំពាវនាវ និងសំណូមពរ ដល់លោក ឧកញ៉ា អ្នកឧញ៉ា លោកស្រី លោកជំទាវទាំងអស់ សូមឲ្យការទំនាក់ទំនងល្អប្រសើរឡើង ក្នុងនាមខ្ញុំជាទីប្រឹក្សាជាន់ខ្ពស់នេះ ខ្ញុំនឹងត្រៀមខ្លួនជាស្រេច ក្នុងការសកម្មភាព ដែលអាចធ្វើទៅបាន»។
លោកឧញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបានថ្លែងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា សព្វថ្ងៃនេះបានកំពុងតែយកចិត្តទុកដាក់ ផ្ដោតទៅលើវិស័យអចលនទ្រព្យ នៅប្រទេសកម្ពុជា។
លោកឧញ៉ា បានឲ្យដឹងថា «បញ្ហាសំណងនៅតែមានសក្ដានុពលខ្លាំងនៅកម្ពុជា យើងបានដឹងហើយថា វិស័យសំណង នៅកម្ពុជាមានអគារខ្ពស់ៗ លំនៅដ្ឋាន ខុនដូ អូតែលកំពុងតែរីកដុះដាល់ខ្លាំងឡើងៗ ដោយឡែកសម្រាប់សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កំពុងផ្ដោតទៅលើការសាងសងលំនៅដ្ឋាន ខ្នាតមធ្យម និងក្រោមមធ្យមផងដែរ»។
លោកឧញ៉ា បានឲ្យដឹងទៀតថា បច្ចុប្បន្នបញ្ហាសំណងមាន លក្ខណៈពិសេសដាច់ដោយឡែកពីគ្នា សម្រាប់សំណងលំនៅដ្ឋាន ដែលប្រណិតៗដែលអាចសាងសងក្នុងទីក្រុង ហើយលំនៅដ្ឋានខ្នាតមធ្យមតម្លៃទាប គឺសាងសងនៅជាយក្រុង ដូច្នេះបញ្ហានៃការលក់ចេញ គឺបន្ដនៅតែល្អដដែល ដោយមិនមានជាបញ្ហាចោទណាមួយឡើយ។ សម្រាប់តម្លៃវិញ គឺឋិនទៅតាមតំបន់ដូចជា តំបន់ក្នុងទីក្រុង គឺមានតម្លៃថ្លៃជាងតំបន់តាមជាយក្រុង។
លោកបន្ដទៀតថា សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា កំពុងតែគិតគូរទៅដល់អតិថិជន ដើម្បីជួយរំលែកបន្ទុកទៅដល់ពួកគាត់ ដែលមានលទ្ធភាពទិញលំនៅដ្ឋានខ្នាតមធ្យម ក្រោមមធ្យម ដែលពួកគាត់ខ្វះខាតនៅប្រាក់កក់ ដូច្នេះពួកគាត់មិនបាច់បង់ទុកមុននោះឡើយ គឺបង់រំលោះតែម្ដង នេះជាការរួមចំណែករបស់សមាគមរបស់យើង និងអ្នកអភិវឌ្ឍលំនៅដ្ឋាន ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់អតិថិជន៕