ការថែរក្សាឱ្យបានសុខសនិ្តភាព ជាកត្តាចម្បងបំផុត ដើម្បីធានាក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ
FN៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាការថែរក្សាឱ្យបានដាច់ខាតនូវសុខសនិ្តភាព ដែលជាកត្តាគ្រប់ដណ្តប់ចម្បងបំផុត ដើម្បីធានាបាននូវក្តីសង្ឃឹម និងឱកាសប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យ។ ការថ្លែងបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង និងផ្លូវបេតុង ១ខ្សែ ក្នុងវិទ្យាល័យ សុខ អាន ដូងខ្ពស់បូរីជលសារ ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ។ ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក សូមអបអរសាទរចំពោះសមិទ្ធផលដែលបន្តកើតមានក្នុងការសាលារៀន ដែលមានអាយុកាលជាង៣០ ឆ្នាំមួយនេះ ក្រោមកម្លាំងសាមគ្គីធម៌របស់សប្បុរសជនជិតឆ្ងាយ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំនៅក្នុងស្រុកបូរីជលសារ ក៏ដូចជាក្នុងខេត្តតាកែវ និងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានខិតខំជួយកសាងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានខេត្តតាកែវ សម្រាប់បន្សល់ទុកជាកេរដំណែលដល់ជំនាន់ក្រោយៗទៀត។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះឱកាសនៃការជួបជុំគ្នាប្រកបដោយភាពសប្បាយរីករាយនាពេលនេះ ជាពិសេសស្របពេលដែលប្រជាជនទូទាំងប្រទេសទើបបានកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវបានប្រារព្ធទ្បើងយ៉ាងអាធិកអាធមដោយទំនុកចិត្តខ្ពស់ និងមិនមានការភ័យខ្លាច…