ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣, នៅវិមានរដ្ឋសភា, សម័យប្រជុំទី១ នីតិកាលទី៧ នៃរដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី ដែលរួមមានឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី២១រូប និងរដ្ឋមន្រ្តី៣០រូប។ ក្នុងសន្និសីទសារព័ត៌មានក្រោយសម័យប្រជុំ សម្តេចតេជោ ហ៊ុន សែន សមាជិកសភាមណ្ឌលកណ្តាល ថ្លែងអំពីការបង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែនថា៖ “(ទាក់ទងនឹង)រឿង(បង្កើតលេខាធិការដ្ឋានកិច្ចការព្រំដែន)នេះ កាលពីមុនមក យើងមានគណៈកម្មាធិការព្រំដែន […] (ដែល)ពីមុនក៏ចំណុះរដ្ឋាភិបាលដែរ។ នាយករដ្ឋមន្ត្រីគឺជាប្រធានគណៈកម្មាធិការព្រំដែនតែម្តង […] ពីមុន(ការ)បង្កើត(គណកម្មាធិការព្រំដែន ធ្វើឡើងដោយ)ដោយព្រះរាជក្រឹត្យ។ ឥឡូវនេះ យើងចង់ឲ្យមានស្ថាប័នរយៈពេលវែង ដោយមិនមែនជាគណៈកម្មាធិការទៀតទេ។ ពិតមែនតែនាយករដ្ឋមន្ត្រី ឬថ្នាក់ដឹកនាំកំពូលៗ ត្រូវតែមានការទទួលខុសត្រូវលើរឿងនេះ ក៏ប៉ុន្តែបណ្តាឯកសារ ឬសំណុំឯកសារពាក់ព័ន្ធនឹងការចរចា ការបោះបង្គោលស្អីៗ ចាំបាច់ត្រូវតែមានការរៀបចំ។ រាជរដ្ឋាភិបាលមាន ២៨ក្រសួង និងមាន ២រដ្ឋលេខាធិការដ្ឋាន គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងរដ្ឋលេខាធិការដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន។ ពីមុនយើងមានគណៈកម្មាធិការ។ ឥឡូវយើងយកគណៈកម្មាធិការនោះ ទាំង ធនធានមនុស្សនិងឯកសារទាំងឡាយ មកបញ្ចូលក្នុងរដ្ឋលេខាធិការដ្ឋានកិច្ចការងារព្រំដែននេះតែម្តង […]៕
Share this post