សុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩
ព្រះចៅ ស៊ុល តង់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសអាស៊ាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី! ជាបឋម ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយបានចូលរួមនៅក្នុង «កិច្ចប្រជុំកំពូលអាស៊ានពិសេស ស្ដីពី កូវីដ-១៩» និងសូមសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើម ដោយសាធារណរដ្ឋសង្គមនិយមវៀតណាម ស្របពេលដែលប្រទេសអាស៊ានទាំង ១០ ក៏ដូចជាសកលលោកទាំងមូល កំពុងជួបប្រទះនូវបញ្ហាប្រឈមស្រួចស្រាវពីជំងឺកូវីដ-១៩។ ខ្ញុំសូមស្វាគមន៍វត្តមានឯកឧត្ដម មូយុឌីន យ៉ាសី នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ។ ជាការពិត ផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានមកដល់លឿន និងមានទំហំធំ ហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្ដែង ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន និងកំពុងបង្កឱ្យមានផលប៉ះពាល់កាន់តែខ្លាំងដល់ការអភិវឌ្ឍអាស៊ានជារួម ដោយមិនត្រឹមតែលើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្មក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំរួមជាមួយប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជា សូមសំដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសសមាជិកអាស៊ាន ដែលទទួលរងនូវការបាត់បង់ជីវិតប្រជាជនដោយសារកូវីដ-១៩។ សម្រាប់កម្ពុជា យើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺកូវីដ-១៩ កំពុងស្ថិតក្នុងដំណាក់កាលនៃការឆ្លងជាចង្កោមតូចៗ ដែលមួយផ្នែកធំនៃការឆ្លង គឺជាការនាំចូលជំងឺពីខាងក្រៅ។ ដូចប្រទេសដទៃនៅអាស៊ាន កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់…