សម្តេចតេជោ ហ៊ុន សែន៖ ជនបរទេសវៀតណាម មករស់នៅកម្ពុជា តាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនជំនាន់នេះទេ
FN ៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ជនបរទេសវៀតណាម បានមករស់នៅលើទឹកដីកម្ពុជាតាំងពីជំនាន់អាណានិគមបារាំងមកម្ល៉េះ មិនមែនទើបតែជំនាន់របស់សម្តេច ដែលជាជំនាន់ក្រោយនោះទេ។ សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្នកនយោបាយមួយចំនួន គឺតែងតែធ្វើការចោទប្រកាន់មកអ្នកជំនាន់ក្រោយ ដែលមិនដឹងអ្វីទាំងអស់ ហើយការដែលមិន ទទួលស្គាល់ប្រវត្តិសាស្រ្តនេះហើយ ដែលធ្វើឲ្យខ្មែរចេះឈ្លោះគ្នា។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋាន ស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូ និងចាក់បេតុង ជំហានទី២ ក្នុងខេត្តចំនួន១០ ប្រវែងប្រមាណ១២០០គីឡូម៉ែត្រ ព្រមទំាងប្រកាសដាក់ឲ្យប្រើប្រាស់ ផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) ប្រវែង៥៤៣គីឡូម៉ែត្រ។ កម្មវិធីបើកការដ្ឋាន ស្ថាបនាផ្លូវនេះ ធ្វើឡើងនៅភូមិ-ឃុំកំពង់ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕