ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន៖ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំ ចរិយាធម៌សង្គម ឲ្យដើរផ្លូវល្អ
FN ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងជាកម្លាំងដឹកនាំ ចរិយាធម៌សង្គម ឲ្យមនុស្សគ្រប់រូប ដើរតាមផ្លូវល្អ។ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះ ព្រះពុទ្ធសាសនា ក៏ត្រូវចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់ការថែរក្សាការពារ សេចក្តីសុខ សន្តិភាព ស្ថេរភាព សាមគ្គីភាព ក្តីសង្ឃឹម លើកស្ទួយ ការកសាងជាតិ ឆ្ពោះទៅរកសេចក្តីថ្កុំថ្កើង រុងរឿងសម្បូរសប្បាយ។ ការលើកឡើងបែបនេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យ ប្រើប្រាស់សមិទ្ធ ផលនានា នៅវត្ដ ពោធិ៍សត្វ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ។…