ជប៉ុនផ្ដល់ប្រាក់ប្រមាណ៧លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម, ស្អែកនេះទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុន នឹងចុះហត្ថលេខា
FN ៖ ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ស្អែកនេះ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន៨០០លានយ៉េន (ប្រមាណ៧លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ បើតាមសេចក្ដីជូនដំណឹង នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិបឆ្នោត ព្រមទាំងសម្ភារចាំបាច់ដទៃទៀត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុនដល់កម្ពុជា និយាយជារួម និងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយដោយឡែក បង្ហាញពីការតាំងចិត្តរបស់ជប៉ុន ក្នុងការជួយដល់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបាននូវការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចិរភាព៕