សេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ
ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ផ្លែផ្កាថ្មី នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប កម្ពុជា-ចិន ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមឯកឧត្តម វ៉ាង វិនធៀន ជាមួយនឹងសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសគ្រូពេទ្យរបស់យើងនៅទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍រួចហើយ ហើយក៏មានការគូសបញ្ជាក់អំពីឯកឧត្តម វ៉ាង វិនធៀន ទាក់ទងនឹងការកសាងនូវសមិទ្ធផលដ៏ធំនេះ។ ខ្ញុំនៅចាំបានថា យើងបានលើកសំណើជាបន្តបន្ទាប់អំពីការកសាងសមិទ្ធផលនៅទីនេះ ហើយដែលរយៈពេលចុងក្រោយនៃដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ យើងបានចុះហត្ថលេខានៅឯទីក្រុងប៉េកាំង ទាក់ទងនឹងដំណើរការ(សាងសង់មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ)នេះ។ ថ្ងៃនេះ សមិទ្ធផលនេះ(បានកើតឡើង) ជាផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានឈ្នោះថាជាមិត្តដែកថែប។ អ្វីៗបានកើតចេញមកថ្ងៃនេះ វាផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ជាជឿទុកចិត្តគ្នា…