សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់កាអភិវឌ្ឍបកបដោយចីរភាព ៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”
ឯកឧត្តម គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានអង្គប្រជុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ! ជាបឋម ខ្ញុំសូមចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលជប៉ុន ដែលបានសហការជាមួយវេទិកាទឹក អាស៊ី-ប៉ាស៊ីហ្វិក ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៤ ស្តីពី “បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ក្រោមមូលបទ “ធនធានទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ”។ ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ។ ក្នុងឱកាសខួបទី ៦ ឆ្នាំ នៃគ្រោះមហន្តរាយញ្ជួយដី នៅខេត្ត គូម៉ាម៉ូតូ (Kumamoto) ដែលបានឆក់យកអាយុជីវិតប្រជាជនច្រើននាក់ ព្រមទាំងបង្កឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ពិសេសដល់បសាទគូម៉ាម៉ូតូ ដែលជាដួងព្រលឹងរបស់ប្រជាជនជប៉ុន ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងសោកសៅជាមួយប្រជាជន និងក្រុម គរួសារជនរងគ្រោះក្នុងខេត្តនេះផងដែរ។ ក្នុងអំឡុងជាង ២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ បាននាំមកនូវផលប៉ះពាល់មិនធ្លាប់មានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសកល។ ប៉ុន្តែវិបត្តិនេះក៏បានធ្វើឱ្យយើងឃើញកាន់តែច្បាស់អំពីភាពចាំបាច់នូវការរក្សា និងការពារឱ្យបាននូវប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិ ពិសេសធនធានទឹកសម្រាប់ជំរុញ និងគាំទ្រការរស់រានមានជីវិត និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ ជាការពិតទឹកគឺជាធនធានដ៏មានសារសំខាន់សម្រាប់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយគុណភាព, ប៉ុន្តែធនធាននេះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកម្រទៅៗ ដោយសារសកម្មភាពរបស់មនុស្សធ្វើឱ្យប៉ះ…