សុន្ទរកថា ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី ៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហានទៅមុខជាមួយគ្នា ដើម្បីចីរភាព, បរិយាបន្ន និងភាពធន់របស់អាស៊ាន»
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា; សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា; ឯកឧត្តម, លោកជំទាវប្រធាន, អនុប្រធាន និង សមាជិក, សមាជិកាសភា; ឯកឧត្តម, លោកជំទាវ, លោក, លោកសី្រ! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបើក មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយ ផ្ទាល់នៅរាជធានីភ្នំពេញ។ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២, កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នេះ ស្របពេលនឹងការប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន។ ក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងទៅ, យើងមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលអាស៊ានខិតខំប្រឹងប្រែង និងរួមគ្នាជាធ្លុងមួយ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក, ជាពិសេស បានយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ រហូតបានឈានទៅដល់ការបើកប្រទេស និងចាប់ផ្ដើមស្ដារសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ។ ទោះជាយ៉ាងនេះក្តី, ពិភពលោកនៅតែបន្តប្រឈមនឹងវិបត្តិជាច្រើនទៀត ដូចជា…