FN ៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទសន្និបាតរបស់ខ្លួន។
ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាតនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធដទៃទៀត។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដែលបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព, សាមគ្គីភាព, ឯកភាពផ្ទៃក្នុង ដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ» ក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ហើយបាន និងកំពុងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងវិស័យ ដីធ្លីនាពេលបច្ចុប្បន្ន ដោយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកាត់បន្ថយបានជាអតិបរមា នូវ បញ្ហាដែលមានចរិតជាភូមិសាស្ត្រ, សន្តិសុខនយោបាយ សេដ្ឋកិច្ច និង សង្គម ដែលអាចកើត ចេញពីវិវាទដីធ្លី, វិវាទបុរី, បញ្ហានៅតំបន់បឹងទន្លេសាប និង តំបន់រមណីយដ្ឋានបេតិកភណ្ឌ ពិភពលោកអង្គរជាដើម។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុវត្តការងារបន្តលើសមរភូមិការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីដើមអាណត្តិទី៧ មកដល់ដំណាច់ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ជាពិសេសការបន្តការកែទម្រង់វិស័យដីធ្លី តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ, ការបន្តដោះស្រាយវិវាទដីធ្លី តាមរយៈ យន្តការរបស់ក្រសួង, យន្តការរបស់គណៈកម្មការសុរិយោដី និង អាជ្ញាធរជាតិដោះ- ស្រាយទំនាស់ដីធ្លី, ការបន្តជំរុញការដោះស្រាយបញ្ហាបុរី ដោយឈរលើស្មារតីយោគយល់គ្នាក្នុង គ្រាលំបាក, ការបន្តជំរុញការរៀបចំផែនការរៀបចំដែនដី, ផែនការប្រើប្រាស់ដី និង ប្លង់គោល ប្រើប្រាស់ដី, ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទីប្រជុំជន ឃុំ សង្កាត់ ក្នុងគោលដៅគ្រប់គ្រង និង អនុវត្តផែនការប្រើប្រាស់ដីធ្លីនៅកម្ពុជាឱ្យបានសមស្រប, ចំគោលដៅ និង មានប្រសិទ្ធភាពខ្ពស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលក្រសួងសម្រេចបានឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយ គន្លឹះរបស់រាជរដ្ឋាភិបាលដែលបានកំណត់៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិញ្ញាសារដីធ្លីជាវិញ្ញាសារមួយក្តៅ បើដោះស្រាយមិនស្រួលអាចនឹងឆេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាដីធ្លីដោយសារតែមិនមានការកំណត់ព្រំឱ្យបានច្បាស់លាស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិវាទដីធ្លីមានជិត ១ម៉ឺន ៦ពាន់ករណី ដោះស្រាយនៅសល់ប្រមាណ ១ពាន់ករណី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាដីធ្លីឈរលើស្មារតីយោគយល់ និងដោយសន្តិវិធី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបញ្ចប់វិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ត្រូវតែវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងកំណត់ព្រំដីជូនប្រជាពលរដ្ឋ គ្រោងចំណាយប្រមាណ ១០០លានដុល្លារ ហើយរំពឹងបញ្ចប់នៅក្នុងអាណត្តិនេះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាស់វែងកំណត់ព្រំដី និងចេញបណ្ណជូនប្រជាពលរដ្ឋមិនត្រឹមបញ្ចប់ជម្លោះប៉ុណ្ណោះទេ តែក៏ក្លាយជាទ្រព្យរស់របស់ប្រជាពលរដ្ឋ និងជួយដល់ចរន្តសេដ្ឋកិច្ចផងដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីប្រមាណ១លានក្បាលដីត្រូវបានវាស់វែង និងកំណត់រួចរាល់ នៅសល់រង្វង់១លានក្បាលដីទៀត។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាស់តឿនអភិបាលខេត្តរូតរះចែកបណ្ណដីធ្លីជូនប្រជាពលរដ្ឋ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពង់ចាម ជាខេត្តដែលបញ្ចប់ការវាស់វែងកំណត់ព្រំដីធ្លីមុនគេ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បញ្ចប់ការវាស់វែងកំណត់ព្រំដីរបស់ប្រជាពលរដ្ឋនៅត្រឹមឆ្នាំ២០២៩។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហានៅតាមបុរី ត្រូវធ្វើកិច្ចការពីរ ទី១) ដោះស្រាយវិវាទ និងទី២) ធានាគាររស់រាននៃវិស័យអចលនទ្រព្យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហានៅតាមបុរី កើតឡើងដោយសារការស្មានមិនត្រូវនៃវិបត្តិសេដ្ឋកិច្ច។ ទាំងអ្នកសាងសង់ផ្ទះលក់ និងអ្នកទិញ សុទ្ធតែជាអ្នករងគ្រោះ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងជម្លោះបុរីចំនួន៩៩គម្រោង ដោះស្រាយបាន៥៣គម្រោង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាជម្លោះនៅតាមបុរី បើដោះស្រាយមិនបានត្រឹមត្រូវនឹងក្លាយទៅជាបញ្ហាកាន់តែធ្ងន់ធ្ងរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះតម្លៃក្រោម៧ម៉ឺនដុល្លារ រួចពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ២០២៥។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះទិញពីបុរីមិនទាន់ចុះបញ្ជី អនុញ្ញាតឱ្យធ្វើប្លង់ជាមួយក្រសួង ហើយតម្លៃក្រោម៧ម៉ឺនដុល្លារ ក៏អនុគ្រោះពន្ធប្រថាប់ត្រា រហូតដល់ឆ្នាំ២០២៥។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះតម្លៃ២០ម៉ឺនដុល្លារចុះក្រោម ក៏រួចពន្ធប្រថាប់ត្រាដែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ។ រឿងខ្លះចាត់វិធានការតែមិនផ្សព្វផ្សាយ។ ផ្សព្វផ្សាយមិនសំខាន់ទេ សំខាន់ពលរដ្ឋរងគ្រោះទទួលបានដំណោះស្រាយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីនៅតំបន់បឹងទន្លេសាប មិនមានការកែប្រែតំបន់៣ មកតំបន់២ទៀតនោះឡើយ។ ដីតំបន់៣ កែប្រែមកតំបន់២ ជាង៨ម៉ឺនហិកតារួចហើយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទបញ្ចប់មិនឱ្យកែប្រែតំបន់៣នេះ មិនមែនដើម្បីបុគ្គលណានោះឡើយ គឺដើម្បីផលប្រយោជន៍ខ្មែរទាំង១៧លាននាក់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នឹងជំរុញការអភិវឌ្ឍផ្នែកឧស្សាហកម្មនៅកំពង់លែង ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងការពារដីអភរិក្ស។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហើបថា អភិបាលខេត្តកំពង់ធំ ស្នើបង្កើតតំបន់ឧស្សាហកម្មស្វាយចន្ទី។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា នឹងរៀបចំគោលការណ៍សម្រាប់ការធ្វើស្រែនៅដីតំបន់២ជុំវិញបឹងទន្លេសាប ដើម្បីការពារកុំឱ្យប៉ះពាល់ធនធានជលផលក្នុងបឹងទន្លេសាប។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំគោលការណ៍ស្ថាបត្យកម្ម នៅតំបន់រមណីយដ្ឋានអង្គរ គឺត្រូវរក្សាអត្តសញ្ញាណរបស់ខ្មែរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធរឱ្យពិនិត្យពីការធ្វើអាជីវកម្មធ្យូង ប្រយ័ត្នកន្ទេលធំ បន្លំដេក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធររាជធានី ខេត្ត ទីតាំងតំបន់ពាណិជ្ជកម្ម និងទីតាំងតំបន់សម្រាប់ប្រជាពលរដ្ឋរស់នៅ ត្រូវចែកគ្នាឲ្យដាច់ កុំឲ្យយកកន្លែងផឹកស៊ីដាក់ចូលជាមួយកន្លែងរស់នៅ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជារាជរដ្ឋាភិបាលអនុវត្តន៍បន្តពីរាជរដ្ឋាភិបាលមុន មិនមែនជារាជរដ្ឋាភិបាលបដិវត្តន៍នោះទេ។ ដូច្នេះគឺបន្តនិរន្តរភាពនៃការអភិវឌ្ឍ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុន រាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មិនឃើញរាជរដ្ឋាភិបាលនិយាយ មិនមែនមានន័យថារាជរដ្ឋាភិបាលមិនធ្វើនោះទេ។ រឿងជាច្រើនបានធ្វើ តែអត់និយាយ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកមានបញ្ហានៅតាមគម្រោងបុរីនានា បន្តអត់ធ្មត់ និងចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នាដោយសន្តិភាព។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តចុះបញ្ជីដីធ្លីបង្ហើយនៅឆ្នាំ- ២០២៥ ទៅតាមផែនការរបស់ក្រសួង ព្រមទាំងបន្ត ដោះស្រាយវិវាទដីធ្លី និង បញ្ហាបុរីឱ្យនៅសល់ក្នុងកម្រិតមួយជាអប្បបរមា ដើម្បីផ្តល់ទំនុក ចិត្តដល់វិនិយោគិន ឱ្យបន្តដាក់ទុនវិនិយោគ, ឈានទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា, ពង្រឹងបាន ភាពធន់របស់កម្ពុជា និង ឈានទៅពង្រីកឧស្សាហកម្មថ្មីៗ, បង្កើនតម្លៃបន្ថែម និង កសាង សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ព្រមទាំងរក្សាបាននូវសុខដុមនីយកម្មសង្គម។ សម្តេចសង្ឃឹមថា ការងារចែកបណ្ណនឹងត្រូវបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេលវេលាសមស្រប ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅប្រារព្ធខួប ៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិ ឯកជនលើដីធ្លីជូនប្រជាពលរដ្ឋនៅកម្ពុជាដែលបានផ្តួចផ្ដើមឡើយដោយ សម្ដេចតេជោ ហ៊ុន សែន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើអភិបាលរាជធានី-ខេត្ត សូមចូលរួមឱ្យបានសកម្ម និង ចាត់ចែងឱ្យមានប្រសិទ្ធភាព ក្នុងការចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំ ចាត់ចែង និងគ្រប់គ្រងតំបន់បឹងទន្លេសាប ឱ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពខ្ពស់ បម្រើឱ្យការកសាងមូលដ្ឋានសេដ្ឋកិច្ចតំបន់នេះ ឱ្យកាន់តែរឹងមាំ ដែលចូលរួមលើកកម្ពស់ជីវភាពរបស់ប្រជាជនក្នុងតំបន់ និងទូទាំងប្រទេស ដោយចាប់ផ្តើមពីការពិនិត្យ និង កែតម្រូវលក្ខខណ្ឌនៃការប្រើប្រាស់ដី ឱ្យស្របតាមស្ថានភាពជាក់ស្ដែងនៃសក្ដានុពលតំបន់។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តអនុវត្ត និង ស្វែងរកដំណោះស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ ព្រមទាំងប្រកាន់យកដំណោះស្រាយសមស្រប ក្នុងបរិយាកាស មានតុល្យភាពរវាងការការពារ និង អភិរក្សតំបន់បេតិកភណ្ឌអង្គរផង និង ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជនរស់នៅក្នុងភូមិទាំង ១១៤, ក្នុងតំបន់អង្គរឱ្យបានប្រសើរផង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួង បន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយកង្វល់របស់ ប្រជាពលរដ្ឋលើបញ្ហាបុរី ដោយយកគោលការណ៍យោគយល់គ្នាក្នុងគ្រាលំបាកជាចម្បង និងការពារបាននូវ ស្ថិរភាពឧស្សាហកម្មអចលនទ្រព្យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអនុវត្តការងារកែទម្រង់មុខងារសាធារណៈដើម្បីឈានទៅទទួលបានសេវា រដ្ឋបាលសាធារណៈទំនើបឆ្លាតវៃ និងវាងវៃ ដែលបច្ចុប្បន្ន ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្ម ដោយពង្រឹងការកែទម្រង់ និងការកសាងច្បាប់និងបទដ្ឋានគតិយុត្ត, ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តី និងរផ្ដល់លទ្ធភាពដល់មន្ត្រីក្នុងការបំពេញ ការងារប្រកបដោយប្រសិទ្ធភាព។
- សម្តេចស្នើឱ្យក្រសួងបន្តពង្រឹងសមត្ថភាពស្ថាប័ន សមត្ថភាព មន្រ្តីឱ្យមានសមត្ថភាព, ការទទួលខុសត្រូវ និង មានវិន័យខ្ពស់ដែលជាចលករ សម្រាប់ទ្រទ្រង់ការអនុវត្តភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ជាពិសេសក្នុងបរិការណ៍ថ្មីនៃសម័យឌីជីថលនេះ ឱ្យបានកាន់តែប្រសើរ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួង ជំរុញការកសាងផែនការប្រើប្រាស់ដី ឱ្យស្របតាមសក្តានុពលអំណោយផលពីធម្មជាតិ ធនធានដី ដោយពិចារណាឱ្យបានល្អិតល្អន់លើការរៀបចំរបៀងសេដ្ឋកិច្ចសំខាន់ៗ ដូច ការរៀបចំរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ ពីខេត្តកែបដល់ខេត្តកោះកុង ជាឧទាហរណ៍ ទៅតាម ភូមិសាស្ត្រ ដែលអាចបង្កើតផលិតកម្មស៊ីសង្វាក់ តាមវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា៖ កសិកម្ម ឧស្សាហកម្ម, កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ជាដើម ដែលអាចបង្កើនតម្ល សេដ្ឋកិច្ចឱ្យកាន់តែខ្ពស់ និង ឈានទៅបង្កើនចំណូលរបស់ប្រជាជន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តជំរុញឱ្យរៀបចំផែនការមេ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងដើម្បីឆ្លើយតបបានទៅ នឹងតម្រូវការអភិរក្ស និង អភិវឌ្ឍទីក្រុង ទីប្រជុំជន, ជាពិសេស ការគិតគូរពង្រីកបន្ថែមលើការរៀបចំសួនសាធារណៈ និង ឧទ្យានបៃតង ដើម្បីប្រែក្លាយទៅជាទីក្រុង, ទីប្រជុំជន ដែលអាចរស់នៅបានសម្រាប់ទាំងអស់គ្នាប្រកបដោយសោភណភាព, ទស្សនីយភាព សុវត្ថិភាព បរិស្ថានល្អគួរឱ្យរស់នៅ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងប្រែក្លាយទស្សនទាននៃការរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គលឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងឱ្យបានឆាប់ ដោយឈរលើគោលនយោបាយ និង ផែនការសកម្មភាពជាក់ស្ដែង ដើម្បីឈានឆ្ពោះទៅកសាងសង្គមសុខដុម ដែលប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយ ចំណេះដឹង និងមានភាតរភាពជាបងប្អូន។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំប្លង់គោលប្រើប្រាស់ដីឱ្យបានចប់សព្វគ្រប់ សម្រាប់រយៈពេលវែង ដែលត្រូវ រក្សាឱ្យមានតុល្យភាពសម្រាប់ការរស់នៅ, ការប្រកបការងារ និងការកម្សាន្ត តាមរយៈការរៀបចំបំពេញឱ្យគ្នានូវសេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។
- សម្តេចបានបញ្ជាក់ថា សម្តេចទើបចុះហត្ថ លេខាលើសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានលោកអភិសន្តិបណ្ឌិត ស សុខា និង លោក សាយ សំអាល់ ជាសហប្រធានដឹកនាំការងារនេះ។
- សម្តេចស្នើ អភិបាលរាជធានី-ខេត្ត ចូលរួមឱ្យបានសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យការងាររៀបចំផែនការប្លង់គោល ប្រើប្រាស់ដី, ការរៀបចំទីក្រុង, ទីប្រជុំជនកម្ពុជា សម្រេចបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីឱ្យប្រជាជនគ្រប់រូបអាចរស់នៅបានប្រកបដោយសុខដុមរមនីយកម្ម និង ស៊ីវិល័យ។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើក្រសួងបន្តពិនិត្យឱ្យបានដិតដល់ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ក្នុងវិស័យនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគុណភាពសំណង់ ការសាងសង់ដោយប្រកាន់ខ្ជាប់នូវរចនាបទសហសម័យ ធានាបាននូវការកសាងទីក្រុងអនាគតមួយប្រកបដោយរចនាបទ ដែលជាទីគួរឱ្យចង់រស់នៅ ព្រមទាំងលើកកម្ពស់ស្ថាបត្យកម្មសហសម័យកម្ពុជា ក៏ដូចជា ពង្រឹងការអភិរក្សសំណង់បេតិកភណ្ឌ អភិវឌ្ឍសំណង់ដោយចីរភាពប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
- សម្តេចបានបង្ហាញការយល់ថា ការបង្កើតមូលនិធិ លំនៅឋាន នឹងប្រែក្លាយមូលនិធិនេះ ទៅជាមូលដ្ឋាននៃការអនុវត្តការងារលំនៅឋាន ដោយ ទាញយកទុនវិនិយោគ ពីប្រភពផ្សេងៗ រួមទាំង ថវិកាជាតិ ការវិនិយោគពីវិស័យឯកជន និង ដៃគូអភិវឌ្ឍ។ មូលនិធិនេះ អាចត្រូវបានប្រើប្រាស់ ដើម្បីផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋទទួលបានលំនៅឋានសមរម្យ កាត់បន្ថយភាពងាយរងគ្រោះនៃសេដ្ឋកិច្ចសង្គម និងធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ចូលរួមក្នុងកិច្ចការ ឃោសនាអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានសកម្មលើការ អនុវត្តទស្សនាទាន ភូមិឋានក្សេមក្សាន្ត ឱ្យទទួលបានជោគជ័យ ដែលនឹងប្រែក្លាយសង្គមជាតិ យើងឱ្យទៅជាសង្គមស៊ីវិល័យ ទៅតាមទស្សនវិស័យកម្ពុជាឆ្នាំ ២០៥០។