សុន្ទរកថា និងការអត្ថាធិប្បាយ ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»
[ផ្តើមអត្ថាធិប្បាយ] ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! មុននឹងចូលទៅដល់ខ្លឹមសារ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសមុនថា កាកបាទក្រហមកម្ពុជា ដែលមុននេះ ធ្លាប់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមួយឆ្នាំ ១ លានដុល្លារ ឥឡូវនេះ គឺសូមផ្ទេរនូវថវិកាមួយលានដុល្លារនោះមកកាន់មូលនិធិសម្រាប់មួយឆ្នាំ ១ លានដុល្លារបន្តទៀត។ សូមអបអរសាទរ។ សម្រាប់ខ្លួនខ្ញុំ និងភរិយា បានពិភាក្សាគ្នាមុននឹងចេញមកទីនេះ ក៏សូមប្រកាសផ្តល់នូវការចូលរួមវិភាគទានក្នុងមួយឆ្នាំ ៥ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ។ ឥឡូវមានអ្នកចូលរួម ដែលបានកត់ត្រាចូលទៅក្នុងនេះ ចំនួន ៤៩ នាក់ ហើយសង្ឃឹមថានឹងមានអ្នកចូលរួមដទៃទៀត ប៉ុន្តែ ខ្ញុំនឹងបញ្ជាក់អំពីសមាជិកភាព ដែលនឹងត្រូវរៀបចំបែបណានៅក្នុងសុន្ទរកថាបកស្រាយរបស់ខ្ញុំ ដើម្បីយើងអាចកៀរគរបានទូលំទូលាយសម្រាប់ក្របខណ្ឌទូទាំងប្រទេស មិនមែនគ្រាន់តែជាសមាជិកស្ថាបនិក ឬសមាជិកកិត្តិយសនោះទេ តែយើងក៏ចង់បាននូវសមាជិកគាំទ្រផងដែរ។ [ចប់អត្ថាធិប្បាយ] ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាកិតិ្តយសក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «មូលនិធិគន្ធបុប្ផាកម្ពុជា»។ ខ្ញុំឤចនិយាយបានថា ថៃ្ងនេះគឺជាថៃ្ងប្រវត្តិសាស្ត្រមួយដែលកុមារកម្ពុជានឹងបន្តទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។ ច្បាស់ណាស់…