សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រទេសឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍, ពាណិជ្ជកម្ម ក៏ដូចជាទំនាក់ទំនងនៃប្រជាជន រវាងប្រទេសទាំងពីរ។ ការជំរុញឱ្យបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌូនេស៊ីនេះ បានធ្វើឡើងខណៈដែលសម្តេច បានអនុញ្ញាតឲ្យលោក ពីតូណូ ពូណូម៉ូ (Pitono Purnomo) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកានេះ។ ក្រោយបញ្ចប់ជំនួបនេះ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កន្លងមកនេះ ឥណ្ឌូនេស៊ីបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងពេលវេលាដែលកម្ពុជាស្វែងរកសន្តិភាព ជាពិសេសនៅក្នុងការងារពាណិជ្ជកម្ម វិនិយោគនេះ គឺសម្តេចចង់ឃើញទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការកើនឡើង។ សម្តេចបានបន្តថា នៅក្នុងតំបន់អាស៊ាន ឥណ្ឌូនេស៊ី គឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេ គឺមានប្រមាណជាង២៦០លាននាក់ ហើយក៏ជាទីផ្សារធំជាងគេនៅក្នុងតំបន់អាស៊ាននេះ ដូច្នេះគួរតែជំរុញក្នុងការវិនិយោគ។…